ភ្នំពេញ៖រដ្ឋាភិបាលបានសម្រេចបង្កើតក្រុងរុនតាឯកតេជោសែន ដោយកាត់យកឃុំរុនតាឯក ចេញពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្កចេញពីស្រុកប្រាសាទបាគង។ ទីតាំងរដ្ឋបាលក្រុងរុនតាឯកតេជោសែន ស្ថិតនៅក្នុងសង្កាត់រុនតាឯក តែម្តង។
ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងរុនតាឯកតេជោសែន ត្រូវអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន ត្រូវអនុលោមតាមមាត្រា ១៨ ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា ៣ ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ការបង្កើតក្រុងរុនតាឯកតេជោសែន ត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ៤៕AFN