ខេត្តសៀមរាប៖ស្ថានីយ៍លក់ប្រេងឥន្ធនៈSAVIMEX នៅជាប់ស្តុប៧មករា ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានអ្នកដំណើរនិងពលរដ្ឋ រិះគន់យ៉ាងចាស់ដៃថា តើបេះដូងរបស់ម្ចាស់ស្ថានីយ៍លក់ប្រេងឥន្ធនៈSAVIMEX នៅជាប់ស្តុប៧មករា ក្រុងសៀមរាប សាងពីអ្វី បានជាធ្វើសួនច្បារឃាំងផ្លូវថ្មើជើងនិងលើគម្របលូកម្ពស់ជិត១ម៉ែត្រ ដែលអាចបង្កគ្រោះថ្នាក់ចរាចរជា យថាហេតុដល់អ្នកដំណើរ។
ពលរដ្ឋលើកឡើងថា ម្ចាស់ស្ថានីយ៍លក់ប្រេងឥន្ធនៈSAVIMEX មិនគួរធ្វើរនាំងបិទផ្លូវថ្មើជើងខ្ពស់នៅជាប់ភ្លើងស្តុប យ៉ាងដូច្នេះទេ ព្រោះវាជាកន្លែងសម្រាប់អ្នកដំណើរទូទៅឆ្លងកាត់ទាំងយប់ទាំងថ្ងៃ ជាពិសេសសិស្សសាលាតែងតែសម្រុកជិះកាត់លើផ្លូវនេះ ដែលអាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ដោយមិនដឹងខ្លួន។ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ ក្រុងនិងខេត្តសៀមរាប មេត្តាចុះពិនិត្យមើលទីតាំងខាងលើនេះផង។
លោកសាម ឡន ចៅសង្កាត់សាលាកំរើក បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ខែមករា នេះថា ករណីស្ថានីយ៍លក់ប្រេងសាវីមិច ធ្វើសួនច្បារលើចំណីផ្លូវនេះដែរអាជ្ញាធរសង្កាត់សាលាកំរើក បានធ្វើរបាយការណ៍ទៅជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីពិនិត្យនិងសម្រេចរួចហើយ។លោកថា ការងារនេះវាហួសពីសមត្ថភាពរបស់លោក។ ពាក់ព័ន្ធនិងករណីដែលអាជ្ញាធរក្រុងសៀមរាប កំពុងរៀបចំគណៈកម្មការមួយដើម្បីចុះពិនិត្យស្ថានីយ៍លក់ប្រេងខាងលើនោះហើយ។ចំណែកអាជ្ញាធរខេត្តសៀមរាប ក៏បានប្រាប់ថា ខាងខេត្តបានចាត់ឲ្យមន្ត្រីជំនាញចុះទៅពិនិត្យទីតាំងខាងលើនេះហើយ តែនៅមិនទាន់ដឹងថាយ៉ាង កំពុងរង់ចាំការបង្ហាញរបាយការណ៍របស់មន្ត្រីសិនដែរ។
មហាជនលើកឡើងថា ម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈSAVIMEX ដែលសាងសង់នៅកណ្តាលក្រុងសៀមរាប ដោយបច្ចេកទេសបែបនេះ មិនដឹងថា បេះដូងរបស់គាត់សាងពីអ្វី ហើយមានបានគិតពីសុខទុក្ខរបស់អ្នកដំណើរដែររឺទេ រឺគិតតែពីប្រយោជន៍ខ្លួនឯង បើមានគ្រោះថ្នាក់តើនរណាជាអ្នកទទួលខុសត្រូវ៕ដោយ៖AFN