ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឡោមព័ទ្ធនិងបង្ក្រាបបានករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់និងដកហូតសារធាតុញៀនចំនួន ១០គីឡូក្រាម។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១២៖០០នាទី កម្លាំងជំនាញ (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោកវរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ លោកវរសេនីយ៍ទោ កើត រ៉ាវី និងលោកវរសេនីយ៍ទោ រឹម ម៉ិច នាយរងការិយាល័យ (ក១) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំសម្របសម្រួលដោយលោក ប៉ុក តារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណី ជួញដូ រក្សាទុករគ្រឿងញៀន នៅ៣គោលដៅផ្សេងជាបន្តបន្ទាប់៖ គោលដៅទី១៖ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង (ផ្លូវបំបែកផ្សារក្រោម) ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប គោលដៅទី២៖ ផ្ទះលេខ០២៥ ផ្លូវក្រុម១ ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប និងគោលដៅទី៣៖ ផ្ទះគ្មានលេខ ភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបញ្ជាក់ថា សម្រាប់លទ្ធផលបង្ក្រាបបាន កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ៤នាក់៖១. ឈ្មោះ ផាន់ សុកជា ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត 0៦-សីហា-១៩៩១២.ឈ្មោះ ភា ភ័ក្រ ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៨៨៣.ឈ្មោះ ចេក សុផល ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ០៤-ឧសភា-១៩៩៨៤. ឈ្មោះ ជ្រឹង គឹមសៀង ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៩៤ ចំពោះវត្ថុតាងដែលចាប់យកបានរួមមាន៖- សារធាតុញៀនប្រភេទគ្រាប់ (WY) ចំនួន ១៧.៨០០ គ្រាប់ ទម្ងន់សរុប ០១ គីឡូក្រាម ៦៩០.៣៤ ក្រាម-សារធាតុញៀនមេតំហ្វេតាមីន (ICE) ចំនួន ០៩ ដុំ ទម្ងន់សរុប ០៨ គីឡូក្រាម ៩៩៩.៧៦ ក្រាម សរុបគ្រឿងញៀន ទម្ងន់ ១០ គ.ក្រ ៦៩០.១ ក្រាម -ទូរស័ព្ទចំនួន ០៦គ្រឿង។ នៅក្នុងប្រតិបត្តិការនោះដែរគេឃើញមានការផ្ទុះអាវុធចំនួន ៤គ្រាប់ផងដែរ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប តាមនីតិវិធី ៕AFN