Tuesday, November 26, 2024
Header Banner

រថយន្តដឹកគល់ឈើពកធ្នង់ថ្លៃកប់ពពក ត្រូវបានអាវុធហត្ថក្រុងបានលុង ចាប់ប្រគល់ឲ្យមេព្រៃ

ខេត្តរតនគិរី៖សេចក្តីរាយការណ៍បានឲ្យដឹងថា  រថយន្តកូរ៉េមួយគ្រឿងដឹកគល់ឈើពកធ្នង់ពីរដើមដ៏ធំ ដែលគេដឹងថាមានតម្លៃថ្លៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបានលុង បង្ក្រាបបានរួចប្រគល់ឲ្យរដ្ឋបាលព្រៃឈើបានវិធានការបន្ត។

   រថយន្តខាងលើនេះ ត្រូវបានអាវុធហត្ថក្រុងចាប់បាននៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ តាមផ្លូវជាតិលេខ៧៨A នៅត្រង់ចំណុចសាលារៀនឥន្ទេ ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ដឹកចេញពីស្រុកវើនសៃ ឆ្លងកាត់ស្រុកអូរជុំ ចូលមកក្រុងបានលុង ឆ្ពោះយកទៅលក់នៅក្រៅប្រទេស។

  រថយន្តកូរ៉េមួយគ្រឿង មានចំណុះ៥តោន ក្បាលពណ៌ខៀវលាយ.ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3338 បានដឹកជញ្ជូនគល់ឈើពកធ្នង់យកទៅលក់នៅក្រៅប្រទេសហើយត្រូវបានអាវុធហត្ថក្រុងបង្ក្រាបបាន បន្ទាប់ពីរថយន្តមួយគ្រឿងនេះកន្លែងមកធ្លាប់ដឹកជញ្ជូនឈើច្រើនដងមកហើយដែរ។

បើតាមប្រភពបានឲ្យដឹងថា គល់ឈើពកធ្នង់ពីគល់នេះជារបស់សមត្ថកិច្ចមួយរូបនៅក្នុងខេត្តរតនគិរី ហើយសារព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយមិនមានលេខទូរស័ព្ទ។

   លោកសយ សូណា ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់នេសាទខេត្តរតនគិរី បានឲ្យសារព័ត៌មានយើងដឹងនៅរសៀលថ្ងៃទី៣ កុម្ភៈនេះ ថា រថយន្តកូរ៉េដឹកគល់ឈើនេះខាងរដ្ឋបាលព្រៃឈើយកមកផ្ញើនោះទេ ដោយសារឡានបើកចូលមិនរួចទើសនឹងក្លោងទ្វារចូល។

    មហាជនសង្ឃឹមថា រថយន្តដឹកឈើពកធ្នង់​ដ៏មានតម្លៃនេះ សមត្ថកិច្ចជំនាញនឹងមានវិធានការផ្លូវច្បាប់ជាក់ជាមិនខាន​ ដោយមិនមានការដោះលែងស្ងាត់ៗដូចមហាជននិយាយនោះទេ៕ដោយ៖សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម