ខេត្តរតនគិរី៖ បន្ទាប់ពីទទួលបានព័ត៌មានពីបណ្តាញសង្គម ដែលបានអំពាវនាវឲ្យសប្បុរសជនជួយសម្ភារៈដូចជា ចានបង្គន់ និងស៊ីម៉ង់ត៍ សម្រាប់យកទៅអភិវឌ្ឍសហគមន៍ទេសចរណ៍ណាំងក្លាងទឹកវិល ស្ថិតក្នុងភូមិរ៉ក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនៈគិរី។
អាខោនហ្វេសប៊ុក “ផេក” ឈ្មោះ MlN បានសរសេរសំណេរថា «សូមគោរពជូនទៅដល់សប្បុរសជនទាំងអស់ក្នុងស្រុក និងក្រៅស្រុកតំបន់ទេសចរណ៍មួយនេះ បង្តើតឡើងដោយក្រុមសហគមន៍បងប្អូនជនជាតិដើមភាគតិច។ ឥឡូវនេះកំពុងរៀបចំបង្គន់អនាម័យ បន្ទប់ទឹក សម្រាប់ពុកម៉ែបងប្អូនដែលមកលេងកម្សាន្ត ដោយមានការខ្វះខាតខាងសហគមន៍ កំពុងត្រូវការជំនួយដូចជា ចានបង្គន់ និងស៊ីម៉ង់ត៍ ទីតាំងនៅត្រង់ចំណុចណាំងក្លាងទឹកវិល ស្ថិតក្នុងភូមិរ៉ក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី»។
គ្រានោះដែរលោក ញ៉ែម សំអឿន អភិបាលខេត្តបាន បញ្ជាឲ្យលោក ហេង សាវឿន អភិបាលស្រុកវើនសៃ ឲ្យចុះពិនិត្យមើលទីតាំងនិងរាយការណ៍ជាមួយរូបភាពមកផងដែរ។
លោក ហេង សាវឿន បន្តថា ពាក់ព័ន្ធបង្គន់អនាម័យកំពុងរៀបចំនៅតាមភូមិក្នុងឃុំកុកឡាក់ អាចបញ្ចប់ក្នុងខែមិនានេះ។រដ្ឋបាលស្រុកវើនសៃ ជម្រាបជូនលោកអភិបាល នៃគណៈអភិបាលខេត្តរតនគិរី អំពីតំបន់ទេសចរណ៍តាមដងអូរឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ។
សូមជម្រាបថា នៅក្នុងឃុំកុកឡាក់ មានកន្លែងកម្សាន្តធម្មជាតិជាច្រើនកន្លែងតាមដងអូរឡាឡៃ ហើយកន្លែងកម្សាន្តចំនួន ២ កន្លែង មានជួរទឹកណាំងង៉ាម និងណាំងក្លាងទឹកវិល ដែលកំពុងស្នើសុំបង្កើតគណៈកម្មការគ្រប់គ្រងសហគមន៍ដោយឈ្មោះ ម៉ូច ឌឹម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិកាវ៉ែត មានទីលំនៅភូមិរ៉ក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី និងមានការចូលរួមពីអាជ្ញាធរភូមិ ចាស់ទុំភូមិ និងក្រុមយុវជនភូមិនៃឃុំកុកឡាក់ និងកំពុងតែរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាបង្គន់ អនាម័យ និងផ្លូវចូលចូលកន្លែងកម្សាន្ត ដែលមានការខ្វះខាតធនធានក្នុងការរៀបចំពិតប្រាកដមែន។
ចំណែកណាំងក្លាងទឹកវិល ជាកន្លែងរមណីយដ្ឋានមួយនៅឆ្ងាយពីទីរួមស្រុក។ បើក្រឡេកមើលទេសភាពដ៏ស្រស់បំព្រងមានបង់អង្គុយដូចជាដើមឬស្សីនៅក្បែរមាត់ទឹក ព្រៃឈើដុះអមសងខាងទឹកអូរមានពណ៌ខៀវស្រងាត់ចង់មកគយគន់អង្គុយលេង ជាពិសេសអ្នកដែលមានគូសង្សារ មកទស្សនានិងដើរលេងនៅកន្លែងរមណីយដ្ឋានមួយនេះ៕ដោយ៖ សាវ័ន្ត