ខេត្តព្រះសីហនុ ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចចម្រុះនៃខេត្តព្រះសីហនុនិងនគរបាលក្រសួងមហាផ្ទៃ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជនសង្ស័យចំនួន ២នាក់ ជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ដើម្បីបានចំណូលពី YouTube,page.. ។
សូមរម្លឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វេីការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន ២នាក់ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង៥លាននាក់ ។ វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារទុកចោល និងទីតាំងផ្សេងៗទៀត នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។
តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ។ ដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ខាងលេី កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច, កាំភ្លើងជ័រ, សំលៀកបំពាក់ទាហានប៉ារ៉ា,ទូរស័ព្ទដៃ, សម្ភារឧបករណ៍ផលិតVideo Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ខាងលេី កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕AFN