Tuesday, November 26, 2024
Header Banner

ចៅអធិការវត្តភ្នំកន្ធាយ ឃុំស្រយ៉ង់ ត្រូវបានគ្រួសាររងគ្រោះប្តឹងករណីលួងលោមរំលោភកូនស្រីវ័យ១៤ឆ្នាំនិង៩ឆ្នាំបានសម្រេចជាច្រើន

ខេត្តព្រះវិហារ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រួសាររងគ្រោះ ក្នុងឃុំស្រយ៉ង់ ស្រុកគូលែន បានដាក់ពាក្យប្តឹងទៅនគរបាលស្រុកគូលែន កាលពីថ្ងៃទី ១៩ខែធ្នូឆ្នាំ២០២៣ឲ្យជួយរកយុត្តិធម៌ ករណីព្រះគ្រូចៅអធិការវត្តភ្នំកន្ធាយ បានលួងលោមរំលោភសេពសន្ថវៈលើកូនស្រីរបស់ខ្លួនដែលជាអនីតិជនក្រោម ១៥ឆ្នាំ។

  គ្រួសារជនរងគ្រោះបានឲ្យដឹងថា ព្រះគ្រូចៅអធិការវត្តភ្នំកន្ធាយ បានលួងលោមរំលោភសេពសន្ថវៈលើកូនស្រីរបស់ខ្លួនដែលជាអនីតិជនក្រោម ១៥ឆ្នាំ ជាថ្នូរនិងអោយប្រាក់បន្តិចបន្ទួច។គ្រួសាររងគ្រោះបន្តថា ករណីនេះគាត់បានដាក់ប្តឹងទៅអធិការនគរបាលស្រុកគូលែន ដើម្បីជួយរកយុត្តិធម៌និងបានទាមទារសំណងចំនួន២០លានរៀលហើយស្នើឱ្យសមត្ថកិច្ចចាត់ការទៅលើជនសង្ស័យខាងលើទៅតាមផ្លូវច្បាប់។

   ព្រះតេជគុណទឹម ហ៊ុន ដែលជាចៅអធិការវត្តភ្នំកន្ធាយ បានឲ្យដឹងតាមទូរសព្ទថា ករណីនេះគឺមិនពិតដូចការលើកឡើងនោះទេ។ព្រះចៅអធិការបានបន្តថា នៅពេលដែលឈ្មោះសាន  បានប្រទះឃើញលោកនឹងក្មេងស្រីនៅតែពីរនាក់ក្នុងព្រៃក្បែរវត្តនោះគឺពិតប្រាកដតែគឺពួកគាត់នាំគ្នាទៅរកអុសនោះទេ។មិនមានការប៉ះពាល់គ្នានោះទេ។ដោយឡែកឈ្មោះសាន ដែលជាអ្នករស់នៅជិតវត្តបានអះអាងថាលោកបានឃើញព្រះចៅអធិការវត្តភ្នំកន្ធាយ នៅជាមួយក្មេងស្រីទាំងកណ្តាលថ្ងៃត្រង់ ក្នុងព្រៃ នៅពេលនោះឃើញក្មេងស្រីអាក្រាតកាយ។

   លោកស្រីផន កែវផុន អនុប្រធានមន្ទីរកិច្ចការនារី ខេត្តព្រះវិហារ បានឲ្យដឹងថា លោកស្រីបានទំនាក់ទំនងទៅជនរងគ្រោះហើយបានយកជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីធ្វើកោសល្យវិច្ច័យរួចហើយ។ក្នុងនោះលិខិតកោសល្យវិច័យរបស់គ្រូពេទ្យបានបង្ហាញថាក្មេងស្រីរងគ្រោះពិតជាបានត្រូវគេរំលោភប្រភេទពិតប្រាកដមែន ដោយមានរបួសនិងទឹកមុខស្លេកស្លាំងឈឺក្នុងពោះ។

លោកស្រីបន្តថាក្នុងនាមមន្ទីរកិច្ចការនារីលោកស្រីបានចុះផ្សព្វផ្សាយតាមមូលដ្ឋានមួយចំនួនទៅតាមអ្វីដែលអាចធ្វើទៅបានដើម្បីជួយការពារនិងលើកកម្ពស់ស្ត្រី។ លោកស្រីបញ្ជាក់ទៀតថា នៅក្នុងស្រុកគូលែនមានបទល្មើសនៃការរំលោភបំពានផ្លូវភេទលើស្ត្រីនិងក្មេងស្រីច្រើនជាងស្រុកដទៃ។

  ចំណែកអ្នកជំរឿននៃការរំលោភបំពានលើស្ត្រីនិងកុមារនៅខេត្តព្រះវិហារ បានឲ្យដឹងថា ករណីរំលោភបំពានផ្លូវភេទលើស្ត្រីនៅស្រុកគូលែន កើតឡើងក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ នេះមានរហូតដល់៤៩ករណី។

   ពាក់ព័ន្ធនឹងករណីនេះដែរ លោកវរសេនីយ៍ឯកឱ សេង អធិការនគរបាលស្រុកគូលែន បានឲ្យដឹងថា ករណីនេះលោកបានទទួលបណ្ដឹងរបស់ជនរងគ្រោះរួចហើយ ហើយក៏បានបញ្ជូនសំណុំរឿងនេះទៅខាងការីរិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រួចហើយ។លោកបញ្ជាក់ទៀតថា បើចង់ដឹងរឿងច្បាស់សូមទៅសួរទៅចៅអធិការវត្តភ្នំកន្ធាយ ដែលរងការចោទប្រកាន់នោះផងទើបល្អទាំងសងខាង។

ជុំវិញករណីខាងលើនេះដែរអ្នកសារព័ត៌មាន មិនអាចទាក់ទងសុំការពន្យល់ពីលោកស្នងការរងទទួលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃខេត្តព្រះវិហារ បានទេនារសៀលថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៤នេះដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។

ពាក់ព័ន្ធនឹងករណីនេះដែរ បានទាក់ទងទៅមន្ត្រីតុលាការខេត្តព្រះវិហារ ក៏បានឲ្យដឹងថា ករណីបណ្ដឹងរំលោភលើក្មេងស្រីនៅឃុំត្រយ៉ង់ ស្រុកគូលែន នេះគឺមិនទាន់ដល់ដៃតុលាការនៅឡើយទេ។

          ទោះជាយ៉ាងនេះក្តីមេព្រះគណខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានថារឿងនេះគឺជារឿងមិនពិតនោះទេ អាចមានការរៀបចំដោយសារតែក្នុងជួរគណៈកម្មការវត្តភ្នំកន្ធាយ មានការបែកបាក់សាមគ្គីគ្នា។

     លោកវ៉ាន សុង ប្រធានគណៈកម្មាការវត្តភ្នំកន្ធាយ បានឲ្យដឹងថា ពីមុនព្រះសង្ឃរូបនោះមិនដឹងមកពីណាទេមកសុំឲ្យលោកដែលជាអ្នកភូមិនៅទីនេះឲ្យជួយរៀបចំវត្ត ដោយលោកមានចិត្តបុណ្យលោកក៏សុំដីប្អូនរបស់គាត់ និងជួយធ្វើកុដិរួចបានកើតជាវត្តរហូតមកដល់បច្ចុប្បន្ន។លោកបញ្ជាក់ថា គណៈកម្មការវត្តមិនមានចេតនាកាច់កុងណាមួយជាមួយលោកសង្ឃនោះទេ។ចំណែករឿងរំលោភសេពសន្ថវៈនេះមិនពាក់ព័ន្ធនឹងគណៈកម្មការវត្តនោះទេគឺជារឿងសមត្ថកិច្ច។លោកសុំច្រានចោលរវាងពាក្យចចាមអារាមថាករណីរំលោភនេះគឺជាការរៀបចំដោយសារគណៈកម្មការវត្តនិងព្រះសង្ឃមិនត្រូវគ្នា។

   សូំបញ្ជាក់ថា រហូតមកដល់ពេលនេះក្មេងរងគ្រោះមានសភាពស្លេកស្លាំងចុកពោះហើយគ្រួសាររងគ្រោះនៅមិនទាន់មានលទ្ធភាពនាំកូនយកមកមន្ទីរពេទ្យនោះទេដោយសារផ្ទះនៅឆ្ងាយពីទីប្រជុំជន៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម