Tuesday, November 26, 2024
Header Banner

ទីតាំងម្ចាស់សង្វៀនបញ្ជល់មាន់ ជ្រកក្រោមកាសុីណូ វីម៉ាណ ១៦៨ ព្រែកចាក ប្រកាសរកដៃគូប្រកួតគីឡូខ្នាតធំៗដើមផាន់ចាប់ពី៣០០០ដុល្លារឡើង..!

ខេត្តកំពត៖សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក Vorn Nine ដែលមហាជនមួយចំនួន ក្រុមអ្នកញៀនល្បែងបក្សីកីឡាជាពិសេសអ្នកស្គាល់យ៉ាងច្បាស់ថា ជាម្ចាស់ភាគហ៊ុនធំជាងគេល្បែងសង្វៀនជល់មាន់ នៅកាស៊ីណូ វីម៉ាណ ១៦៨ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ដែលស្ថិតនៅក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

នេះបើយោងតាមរយៈអាខោនហ្វេសប៊ុកបានបង្ហោះដោយឈ្មោះ Farm Vorn Nine – V9 បានធ្វើការប្រកាសជាចំហដល់ក្រុមអ្នកស្នេហាបក្សីកីឡា ដើម្បីរកដៃគូប្រកួតគីឡូខ្នាតធំៗដើមផាន់ចាប់ពី៣០០០ដុល្លារ (បីពាន់ដុល្លារ) ដល់១០០០០ដុល្លារ (មួយម៉ឺនដុល្លារ)។ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Farm Vorn Nine – V9 រូបនេះបានបញ្ជាក់ថា រៀងរាល់ថ្ងៃច័ន្ទ , អង្គារ , ពុធ , ព្រហស្បតិ៍ សុក្រ , សៅរ៍ មាន់ជល់ឈ្នះ៣ ដើមផាន់ ៦០មុឺនឡើងទៅ ទទួលបានរង្វាន់លើកទឹកចិត្តបន្ថែមចំនួន១,០០០,០០០រៀល (មួយលានរៀល)។ដោយឡែកសម្រាប់ថ្ងៃអាទិត្យ គឺជាថ្ងៃពិសេស សម្រាប់អ្នកមានមាន់ជល់ឈ្នះបាន ៤ ដើមផាន់ចាប់ពី ១,១០០,០០០រៀល (មួយលាន ដប់មុឺនរៀល)ឡើងទៅ និងទទួលបានរង្វាន់ម៉ូតូ Scoopy Smart Key ចំនួនមួយគ្រឿងផងដែរ។បើយោងតាមប្រភពបានឱ្យដឹងថា លោក Vorn Nine កំពុងតែបើកល្បែងដូចជា បក្សីកីឡា (ជល់មាន់) បៀ អាប៉ោង និងល្បែងសុីសង់ផ្សេងៗជាច្រើនប្រភេទបានជ្រកនៅក្រោមច្បាប់ កាស៊ីណូ វីម៉ាណ ១៦៨ ថែមទាំងបានអនុញ្ញាតឱ្យមានបងប្អូនប្រជាពលរដ្ឋខ្មែរចូលលេងហូរកញ្ជ្រៀវយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់កាសុីណូ ។

ពលរដ្ឋបានមានការអំពាវនាវស្នើសុំទៅដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត សូមមេត្តាជួយពិនិត្យមើល និងមានវិធានការនៅកន្លែងទីតាំងល្បែងខាងលើទាំងនេះផង។

គួរំលឹកនិងសូមជម្រាបដែរថា នាពេលថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទបញ្ជាឱ្យអភិបាលខេត្តរាជធានី-ខេត្ត ត្រូវត្រួតពិនិត្យឡើងវិញជាបន្ទាន់បញ្ហាល្បែងសុីសង់ផ្សងសំណាងគ្រប់ប្រភេទ។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់អភិបាលខេត្ត រាជធានី-ខេត្ត ទាំងអស់ត្រូវបង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែងសុីសង់ផ្សងសំណាងគ្រប់ប្រភេទ ឬឡូតូខុសច្បាប់ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស។

ទោះជាយ៉ាងនេះក្តីសារព័ត៌មាន angkor flash news មិនអាចទំនាក់ទំនងសុំការបំភ្លឺពីម្ចាស់កាស៊ីណូខាងលើបានទេនៅរសៀលថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៤នេះ៕ដោយ៖ជាយដែន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម