ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អ្នកនាំពាក្យរបស់ ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានចេញសចក្តីបំភ្លឺមួយដោយប្រកាសថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មិនមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា នោះទេ។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់ ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយបានលើកឡើងនូវឈ្មោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធ្វើឱ្យសាធារណជនទូទៅ មានការភាន់ច្រឡំថា សម្តេចធិបតី បានជាប់ពាក់ព័ន្ធនឹង ឬ នៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា។
ពាក់ព័ន្ធនឹងព័ត៌មានជាវីដេអូខ្លីៗមួយចំនួន ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គមនានា ខាងលើនេះ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានធ្វើការបញ្ជាក់ជូនសាធារណជនទាំងអស់ដូចខាងក្រោម៖១៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មានជា វីដេអូខ្លីៗទាំងនោះ ដែលជាប្រភេទព័ត៌មានគ្មានប្រភព និងគ្មានមូលដ្ឋានច្បាស់លាល់ ដែលធ្វើឱ្យសាធារណជន ទូទៅ មានការភាន់ច្រឡំ និងនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំ របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។២៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ឃើញដែរថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឧកញ៉ា ឡេង ចាន់ណា ដែលជាអគ្គនាយិកាក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី ក៏បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយ បដិសេដចំពោះការផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដែលថាខ្លួនបានយកឈ្មោះ សម្តេចធិបតី ទៅប្រើប្រាស់ក្នុងរូបភាពបោកប្រាស់ប្រជាពលរដ្ឋនោះ និងប្រកាសកុំឱ្យសាធារណជនទូទៅមានការយល់ច្រឡំថា សម្តេចធិបតី មានការពាក់ព័ន្ធនឹង ឬ នៅពីក្រោយខ្នង ក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី ហើយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឧកញ៉ា ឡេង ចាន់ណា ក៏បានចេញលិខិតសារភាពកំហុស និងសូមអភ័យទោសពីសម្តេចធិបតី ចំពោះការលើកឡើងថា សម្តេចធិបតី ជាអ្នកបង្កើតសមាគមពលករ និងអតីតពលករដើម្បី សប្បុរសធម៌ ផងដែរ។៣៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពុំមានកិច្ចការអ្វីជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនប៊្រីលាន ស៊ីធី និងសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធ៌មរបស់ឧកញ៉ា ឡេង ចាន់ណា នោះទេ។
ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់បានបញ្ជាក់ជាសាធារណៈច្រើនលើកច្រើនសារួចមកហើយថា សម្តេចធិបតី មិនគាំទ្រ ឬ នៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះ សម្តេចធិបតី ទៅពាក់ព័ន្ធ នឹងអំពីខុសច្បាប់របស់ខ្លួន៕AFN