ខេត្តរតនគិរី៖ អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងស្ទើអស់ទាំងស្រុង ប៉ុន្តែមិនមាននរណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ គ្រាន់តែខូចខាតទ្រព្យសម្បត្តិនៅក្នុងផ្ទះតែប៉ុណ្ណោះ។
ដោយសារមានការយកចិត្តទុកដាក់និងចុះជួយអន្តរាគមន៍ផ្ទាល់ពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លោកមិនថាយប់ជ្រៅ កំពុងតែសម្រាកលង់លក់ស្កប់ស្កល់នោះឡើយ ឲ្យតែប្រជាពលរដ្ឋមានបញ្ហានៅក្នុងមូលដ្ឋាន គឺលោកតែងតែចុះជួយនិងអន្តរាគមន៍ជានិច្ច។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទល់មុខមន្ទីរអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
លោក យ៉ុន សារឿន ស្នងការរងទទួលផែនពន្លត់អគ្គិភ័យ បានឲ្យសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី២៤កុម្ភ: ថា ជនរងគ្រោះទី១-ឈ្មោះ ឃាង ហ៊ួរ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កង់ឡាននិងប៉ះកង់ឡាន រួមទាំងលក់យ៉ាន់កង់ឡានគ្រប់ប្រភេទ ផ្ទះមួយល្វែងធំ ជញ្ជាំងថ្ម ដំបូលប្រក់ស័ង្កសី និងសម្ភារខូចខាតអស់ទាំងស្រុងរួមមាន: ម៉ាស៊ីនភ្លើង២គ្រឿង,ទូកាហ្វេ១,ទូទឹកកក១,ម៉ាស៊ីនដកកង់រថយន្ត១,កង់រថយន្ត១ពាន់គ្រាប់(ថ្មី),យ៉ាន់រថយន្ត១ពាន់។ មិនទាន់អាចសន្និដ្ឋានបានថា តើមូលហេតុនៃការឆាបឆេះនេះផ្តើមចេញពីអ្វីនៅឡើយទេ ខណ:ម្ចាស់ផ្ទះកំពុងតែធ្វើដំណើរមកពីភ្នំពេញមិនទាន់ដល់ផ្ទះផង ក៏ជួបហេតុការណ៍នេះកើតឡើង។
លោក យ៉ុន សារឿន ស្នងការរងបានបន្តថា ជនរងគ្រោះទី២-ឈ្មោះ ឡាច ចាន់សុវ៉ាត ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ,សង្កាត់កើតហេតុខាងលើ។បានបាត់បង់សម្ភារនិងខូចខាតផ្ទះចំនួនមួយខ្នង ជញ្ជាំងថ្ម ដំបូលប្រក់ស័ង្កសី មានឡៅតឿឈើផ្នែកខាងក្រោយចំនួន១បន្ទប់។សម្ភាររួមមាន: គ្រែឈើកោងចំនួន១, តុឈើ ចំនួន១ របស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ សរុបជាទឹកប្រាក់ផ្ទះទាំង២ នៃការខូចខាតមានចំនួន៦ម៉ឺនដុល្លារអាមេរិក។
សមត្ថកិច្ចជំនាញការិយាល័យអគ្គីភ័យកំពុងតែស្រាវជ្រាវ ដើម្បីរកប្រភពជាក់លាក់ ក្នុងចេតនាណាមួយដើម្បីបំផ្លិចបំផ្លាញរបស់អ្នកដទៃ។ក្នុងប្រតិបត្តិការនេះដែរ កម្លាំងការិយាល័យជំនាញបានចេញរថយន្ត ពន្លត់អគ្គីភ័យចំនួន ៧គ្រឿង រថយន្តក្នុងស្នងការដ្ឋាននគរបាលខេត្ត មានចំនួន ៣គ្រឿង រថយន្តអធិការស្រុកអូរជុំចំនួន១គ្រឿង រថយន្តអធិការស្រុកបរកែវចំនួន១គ្រឿង រថយន្តអធិការស្រុកកូនមុំចំនួន១គ្រឿង និងរថយន្តអធិការស្រុកលំផាត់ចំនួន១គ្រឿងផងដែរ។ ប្រើប្រាស់ទឹកសរុបអស់ចំនួន៣៦រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានហើយ ភ្លើងបានរលត់អស់ទាំងស្រុង នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានបាញ់ពន្លត់ការពារផ្ទះអ្នកជិតខាងមិនឲ្យភ្លើងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងបានឡើយ៕ដោយ÷ សាវ័ន្ត