ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភា នីតិកាលទី៥ ក្នុងខេត្តសៀមរាប បានបញ្ចប់ដោយរលូននៅម៉ោង១១និង៣០នាទី ខណៈអង្គបោះឆ្នោតបានចូលរួមបោះគ្រប់ចំនួន។
លោក នឹម វ៉ាន់សំ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា ការបោះឆ្នោតអសកលនេះ មានអង្គបោះឆ្នោត ជាសមាជិកសមាជិកា នៃរដ្ឋសភា និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមុខដំណែង។
អង្គបោះឆ្នោតត្រូវយកជាមួយ នូវឯកសារសម្រាប់បោះឆ្នោត ចំនួន ២ គឺ អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព និងបណ្ណសម្គាល់ខ្លួន សម្រាប់សម្គាល់ជាសមាជិកសភាក្នុងមុខតំណែង ឬ បណ្ណសម្គាល់ខ្លួនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខដំណែង។
លោក នឹម វ៉ាន់សំ បញ្ជាក់បន្ថែមថា៖ សម្រាប់មណ្ឌលខេត្ដសៀមរាប ស្ថិតនៅក្នុងភូមិភាគ៤ មានអង្គបោះឆ្នោតសរុបចំនួន ៦៧៤រូប ក្នុងនោះ មានសមាជិកសភាចំនួន ០៦រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៦៦៨រូប និងមានគណបក្សនយោបាយ ចូលរួមបោះឆ្នោតចំនួន៤គណបក្ស។
យោងតាមរបាយការណ៍ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបង្ហាញថា លទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥នេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៤៤សំឡេង គណបក្សហ្វុនស៊ិនប៉ិច ទទួលបាន ០១សំឡេង គណបក្សឆន្ទៈខ្មែរ ទទួលបានចំនួន ២២សំឡេង និងគណបក្សកម្លាំងជាតិ បានចំនួន១០៧សំឡេង៕AFN