ខេត្តសៀមរាប៖បន្ទាប់ពីសារព័ត៌មាន Angkor flash news បានចុះផ្សាយទៅតាមសំណូមពររបស់ពលរដ្ឋដែលមានការភ័យខ្លាចការគ្រោះថ្នាក់ចរាចរណ៍ គេឃើញមានមន្ត្រីជំនាញចម្រុះបានចុះទៅពិនិត្យដល់ស្ថានីយ៍លក់ប្រេងឥន្ធនៈSAVIMEX នៅជាប់ស្តុប៧មករា ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប នោះដែរ។តែក៏ស្ងាត់ឈឹងគ្មានចម្លើយសម្រាប់ពលរដ្ឋសោះឡើយ។
ពលរដ្ឋលើកឡើងថា ម្ចាស់ស្ថានីយ៍លក់ប្រេងឥន្ធនៈSAVIMEX មិនគួរធ្វើរនាំងបិទផ្លូវថ្មើជើងខ្ពស់នៅជាប់ភ្លើងស្តុប យ៉ាងដូច្នេះទេ ព្រោះវាជាកន្លែងសម្រាប់អ្នកដំណើរទូទៅឆ្លងកាត់ទាំងយប់ទាំងថ្ងៃ ជាពិសេសសិស្សសាលាតែងតែសម្រុកជិះកាត់លើផ្លូវនេះ ដែលអាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ដោយមិនដឹងខ្លួន។ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ ក្រុងនិងខេត្តសៀមរាប មេត្តាចុះពិនិត្យមើលទីតាំងខាងលើនេះផង។
សូមរម្លឹកថា អាជ្ញាធរចៅសង្កាត់សាលាកំរើក បានឲ្យដឹងថា ករណីស្ថានីយ៍លក់ប្រេងសាវីមិច ធ្វើសួនច្បារលើចំណីផ្លូវនេះដែរអាជ្ញាធរសង្កាត់សាលាកំរើក បានធ្វើរបាយការណ៍ទៅជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីពិនិត្យនិងសម្រេចរួចហើយ។លោកថា ការងារនេះវាហួសពីសមត្ថភាពរបស់លោក។ ពាក់ព័ន្ធនិងករណីដែលអាជ្ញាធរក្រុងនិងខេត្តសៀមរាប បានបង្កើតគណៈកម្មការមួយដើម្បីចុះពិនិត្យស្ថានីយ៍លក់ប្រេងខាងលើនោះហើយ។តែក៏ត្រលប់ទៅវិញបាត់រហូតមិនបានផ្តល់ដំណឹងដល់សាធារណៈជនឲ្យបានដឹងនោះទេ។គេសង្ស័យថាម្ចាស់ស្ថានីយ៍លក់ប្រេងឥន្ធនៈSAVIMEX ខាងលើអាចមានខ្សែធំ និងមានអំណាចខ្លាំងជាងមន្ត្រីដែលចុះទៅពិនិត្យនោះហើយមើលទៅ ទើបមិនមាននរណាហ៊ានប៉ះទីតាំងមួយនេះ។
មហាជនលើកឡើងថា ម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈSAVIMEX ដែលសាងសង់នៅកណ្តាលក្រុងសៀមរាប មិនដឹងថា សមត្ថកិច្ចជំនាញខាងណាជាអ្នកអនុញ្ញាតិច្បាប់សាងសង់អោយធ្វើបែបនេះនោះទេ។
ពលរដ្ឋស្នើទៅដល់មន្ត្រីដែលចុះទៅសួរនាំនិងធ្វើកំណត់ហេតុនៅ ស្ថានីយ៍ខាងលើមេត្តាផ្តល់ព័ត៌មានមកវិញផង ព្រោះពលរដ្ឋចង់ដឹងថា តើមូលហេតុអ្វីដែលគាត់អាចសាងសង់បានដោយរលូនយ៉ាងដូច្នេះ៕ដោយ៖AFN