ខេត្តរតនគិរី៖ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបានចាត់តាំងឲ្យក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបានលុង ដឹកនាំដោយ លោក ពុត ដានី អនុប្រធានគណៈកម្មាធិការអនុសាខាក្រុង តំណាង លោក ធូ ឃឿ ប្រធានគណៈកម្មាធិការអនុសាខាក្រុងបានលុងនិងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងអនុសាខាក្រុងបានលុង ចុះសំណេះសំណាលសួរសុខទុក្ខ គ្រួសារជនរងគ្រោះ ដោយសារភ្លើងឆេះផ្ទះចំនួន ២គ្រួសារ កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
ក្នុងនោះទ្រព្យសម្បត្តិនិងផ្ទះសំបែង ត្រូវបានរងការបាត់បង់និងឆេះអស់ជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សនៅក្នុងផ្ទះនោះទេ។លោក ពុត ដានី អនុប្រធានគណៈកម្មាធិការអនុសាខាក្រុងបានលុង បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងប្រសាសន៍លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរី បានផ្តាំផ្ញើនិងសួរសុខទុក្ខបានជម្រាបជូនថា៖ « ជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងលោកប្រធានគណៈកម្មាធិការសាខាខេត្ត លោកតែងតែគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ សាសនា និងនិន្នាការនយោបាយឡើយ»។
លោក ពុត ដានី អនុប្រធានគណៈកម្មាធិការអនុសាខា និងសហការី បានសម្តែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះថ្នាក់ដោយចៃដន្យ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ និងបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេស គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ស្របតាមទិសស្លោកបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។អំណោយមនុស្សធម៌ ដែលបានប្រគល់ជូនក្នុង១គ្រួសាររួមមាន៖ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអៀវ១យួរ ឃីត(មុង១ ភួយ១ សារុង១ ក្រមា១) សម្ភារផ្ទះបាយមួយចំនួន និងថវិកាអនុសាខាក្រុងជូនគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន២០ម៉ឺនរៀល និងគ្រួសាររងគ្រោះមធ្យមចំនួន១០ម៉ឺនរៀលផងដែរ៕ដោយ៖សាវ័ន្ត