ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចជំនាញនៃស្រុកពួក សហការគ្នាចុះបង្ក្រាបករណីប្រើឧបករណ៍ ឆក់ នៅចំណុចនិយាមការត្រពាំងថ្មតូច ស្ថិតនៅក្នុងភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ដោយឃាត់ខ្លួនជនសង្ស័យ(ឆក់ត្រី)ខុសច្បាប់ចំនួន៦នាក់យកទៅសួរនាំ។
លោកលោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៦ខែមីនានេះថា នៅក្នុងប្រតិបត្តិការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ចចម្រុះនៃស្រុកពួក បានសហការគ្នាឃាត់ខ្លួន ជនដែលបានប្រព្រឹត្តបទល្មើសចំនួន ៦នាក់រួមមាន៖១.ឈ្មោះ មិត្ត អែក ភេទប្រុស អាយុ ២៧ឆ្នាំ ,២. ឈ្មោះមិត្ត ម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំ ,៣. ឈ្មោះ មិត្ត អា ភេទប្រុស អាយុ ២១ឆ្នាំ ,៤.ឈ្មោះ មិត្ត សំអាត ភេទប្រុស អាយុ ១៩ឆ្នាំ ,៥.ឈ្មោះ លឿ ឡយ ភេទប្រុស អាយុ ២៦ឆ្នាំ ,៦. ឈ្មោះ អាត ហាន ភេទប្រុស អាយុ ២០ឆ្នាំ ។ លោកបន្តថា ចំណែកវត្ថុតាងខុសច្បាប់ដែលកម្លាំងសមត្ថកិច្ចបានដកហូត ឃាត់ទុកមានដូចជា៖ អាំងវ៉ែទ័រឆក់ ចំនួន០៧គ្រឿង អាគុយ៤០អំពែចំនួន០៨គ្រឿង ដងឆក់ត្រីចំនួន០៧គូ ខ្សែភ្លើងប្រវែង២១ម៉ែត្រ ម៉ូតូម៉ាកC125 ពណ៌ខ្មៅពាក់ ស្លាកលេខសៀមរាប1AF-5155 ផលិតឆ្នាំ២០១៩ ម៉ូតូម៉ាក C125 ពណ៌ក្រហមគ្មានពាក់ស្លាក ផលិតឆ្នាំ២០០២ គោយន្តកន្ត្រៃម៉ាក KOBOTA ពណ៌ក្រហម ភ្ជាប់ជាមួយរ៉ឺម៉ក ចំនួន០១គ្រឿង រីឯជនប្រព្រឹត្តបទល្មើសទាំង៦នាក់ ខណៈនេះ តុលាការកំពុងសាកសួរចម្លើយ។
លោកបន្តថា បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការចុះផ្សព្វផ្សាយជាញឹកញាប់ដល់ពលរដ្ឋឃើញថានាពេលថ្មីៗនេះនៅឃុំសង្វើយស្រុកជីក្រែង គេឃើញពលរដ្ឋយកឧបករណ៍ឆក់ចំនួន៣០ គ្រឿងមកប្រគល់ឲ្យសមត្ថកិច្ច។ សូមជម្រាបថា ករណីបទល្មើសនេសាទខុសច្បាប់ប្រភេទឆក់ត្រីគឺជាបទល្មើសលេខ១ ហើយប្រសិនបើសមត្ថកិច្ចរកឃើញបទល្មើសនិងឃាត់ខ្លួនបាននឹងត្រូវជាប់ពន្ធនាគារចាប់ពី៣ឆ្នាំទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី៥លានរៀលទៅ៥០លានរៀល៕ដោយ៖ស.រ