ខេត្តព្រះវិហារ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋជាច្រើនរយគ្រួសាររស់នៅភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានកម្លាំងចម្រុះថ្នាក់ខេត្តនិងកម្លាំងអន្តរក្រសួង បានចុះទៅរុះរើនិងបង្ខំឲ្យពលរដ្ឋចេញពីផ្ទះ ដោយអាងថាពលរដ្ឋទាំងនោះសាងសង់លំនៅឋានក៏ដូចជាអាស្រ័យផលនៅលើដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះសិលាដាម៉ិច។
ស្ត្រីដែលជាអ្នកតវ៉ានៅភូមិម្រេច សុំមិនបញ្ចេញឆ្មោះបានឲ្យដឹងថា ថ្ងៃទី៦ខែមិនានេះ អាជ្ញាធរចម្រុះនៃខេត្តព្រះវិហារ បានបាញ់និងគប់គ្រាប់បែកផ្សែង ព្រមទាំងចាប់ពួកគាត់ដាក់ឡានក្រុងអស់ប្រមាណជា៣០នាក់ ដោយអះអាងថាពួកគាត់រស់នៅគ្មានច្បាប់ទម្លាប់លើដីក្រុមហ៊ុន។ លោកស្រីបន្តថា ពួកគាត់មករស់នៅតំបន់ភ្នំម្រេច នេះជាង១០ឆ្នាំមកហើយ ហើយក្រុមហ៊ុនសិលាដាម៉ិច មកអភិវឌ្ឍន៍នៅតំបន់ភ្នំម្រេច នេះក្រោយពលរដ្ឋនោះទេ បន្ទាប់មកក៏ឃើញខាងបរិស្ថានមកគ្រប់គ្រងផងដែរ។
លោកស្រីបន្តទៀតថា ក្រុមហ៊ុននេះបានក្ស័យធនតាំងពីឆ្នាំ២០១៧មកម្លេះ ដែលថៅកែក្រុមហ៊ុនជាជនជាតិបារាំង បានមកកាប់ឈើក្នុងដីក្រុមហ៊ុនលក់អស់រួចហើយដាំកៅស៊ូបានប្រហែលជា១០ហិចតា។ក្រៅពីនោះបន្ទាប់ពីកាប់ឈើអស់ គឺបានជួលឱ្យពលរដ្ឋអាស្រ័យផលដាំដំឡូង១ឆ្នាំយកលុយមួយលានរៀលក្នុងផ្ទៃដីមួយហិចតា។លោកស្រីបញ្ជាក់ថាក្រុមហ៊ុននេះគ្មានបានដាំដំណាំអ្វីទៅតាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលនោះទេ។
លោកស្រីបន្ថែមទៀតថា ក្នុងនាមពលរដ្ឋមករស់នៅទីនេះយូរមកហើយ គាត់មិនចង់បានអ្វីនោះទេគឺគាត់សុំតែដីនឹងផ្ទះរបស់គាត់នៅទីនេះ ដែលធ្លាប់រស់នៅយកមកហើយ។
លោកប៉ែន ជឹង អភិបាលស្រុកគូលែន បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែមីនាឆ្នាំ២០២៤ នេះថា ថ្ងៃនេះអាជ្ញាធរពាក់ព័ន្ធនៅខេត្តព្រះវិហារ សហការជាមួយសមត្ថកិច្ចអន្តរក្រសួង បានចុះចាប់បង្ខំពលរដ្ឋដែលមកធ្វើខ្ទមរស់នៅតំបន់ភ្នំម្រេចក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលប៉ះដល់ដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សីលាដាម៉ិច ដែលជាក្រុមហ៊ុនដែលមានច្បាប់ទម្លាប់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ។
លោកបន្តថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចសិលាដាម៉ិច គឺសុំសិទ្ធិពីរាជរដ្ឋាភិបាលដើម្បីដាំកៅស៊ូក្នុងផ្ទៃដី៩០០០ហិចតាតែដោយបច្ចុប្បន្នកាត់ឆ្វៀលអស់នៅសល់ប្រមាណ៦ពាន់ហិចតា។ក្រុមហ៊ុននេះបានផ្អាកមួយរយៈក៏បន្តមកវិញដោយសុំសិទ្ធិដាំដំណាំបន្លែផ្សេងៗវិញ។ លោកអភិបាលស្រុកបញ្ជាក់ថា កម្លាំងសមត្ថកិច្ចដែលចុះមកប្រតិបត្តិការនេះគឺត្រូវតែធ្វើឲ្យខានតែបាន ព្រោះពលរដ្ឋដែលមកតាំងពីលំនៅ នៅតំបន់ក្រុមហ៊ុនសិលាដាម៉ិច នេះមិនមែនជាអ្នករស់នៅក្នុងស្រុកគូលែននោះទេ។តាមពិតគឺជាពលរដ្ឋដែលមកពីស្រុកស្វាយលើ និងមកពីខេត្តឧត្តរមានជ័យ។ដូច្នេះថ្ងៃនេះអាជ្ញាធរត្រូវតែធ្វើឲ្យខានតែបាន ព្រោះអាជ្ញាធរបានជូនដំណឹងដល់ពួកគាត់រយៈពេលជាងកន្លះខែមកហើយតែពួកគាត់មិនព្រមរុះរើ។ លោកអភិបាលស្រុកគូលែនបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍បង្ក្រាបនេះដែរ គឺមិនមានការបាញ់នោះទេគឺមានតែគប់គ្រាប់បែកផ្សែងដើម្បីរារាំងពលរដ្ឋកុំឲ្យមានអំពើហិង្សា ព្រោះពលរដ្ឋខ្លះមានកាំបិតខ្វេវ។
ក្រុមអ្នកឃ្លាំមើលបានលើកឡើងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចបានសុំច្បាប់ពីរាជរដ្ឋាភិបាល ដើម្បីដាំដំណាំផ្សេងៗ។ប៉ុន្តែគេសង្កេតឃើញថាក្រុមហ៊ុនមួយចំនួនមិនបានដាំដំណាំអ្វីទៅតាមការស្នើសុំនោះទេ គឺភាគច្រើនឃើញតែកាប់ឈើលក់រួចហើយគ្រប់គ្រងដីនោះដើម្បីជួលដីឲ្យពលរដ្ឋឬមួយក៏ឈ្មួញដាំដំឡូងទៅវិញនោះទេ៕ដោយ៖AFN