ខេត្តរតនគិរី៖ ក្រុមអ្នកញៀនល្បែងជល់មាន់ជាច្រើននាក់ បាននាំគ្នារត់បាតជើងសព្រាតពេញកណ្តាលចម្ការស្វាយចន្ទី ខណៈអាជ្ញាធរស្រុកអូរជុំលួចឆ្មក់ទៅបង្ក្រាបល្បែងជល់មាន់លួចលាក់ដោយខុសច្បាប់នេះ។
ប្រតិបត្តិការចុះបង្ក្រាបល្បែងជល់មាន់លួចលាក់មួយកន្លែងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិគោក ឃុំល្អក់ ស្រុកអូរជុំ ដោយក្រុមអ្នកញៀនល្បែងបើកលេងនៅកណ្ដាលចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ។
លោក យ័ន រតនា អភិបាលរងស្រុកអូរជុំ បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ទៅលោកអភិបាលស្រុកថា មានគេលេងល្បែងជល់មាន់នៅទីតាំងខាងលើភ្លាមនោះ លោក គៀង តុលា អភិបាលស្រុកអូរជុំនិងលោកអភិបាលរងស្រុក បានដឹកនាំកម្លាំងអធិការនគរបាលស្រុកចុះទៅទីតាំងលេងល្បែងជល់មាន់ ពេលទៅដល់ទីតាំងល្បែងជល់មាន់ ស្រាប់តែក្រុមអ្នកញៀនល្បែងទាំងនោះដូចជាបានដឹងខ្លួនជាមុន នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។
លោក យ័ន រតនា អភិបាលរងស្រុកបន្តថា ម្ចាស់ទីតាំងលេងល្បែងជល់មាន់បានរៀបចំអ្នកយាមមើលផ្លូវ បានល្អ មិនឲ្យមនុស្សចម្លែកណាចូលទៅខាងក្នុងបានឡើយ ហើយផ្លូវចូលទៅទីតាំងជល់មាន់នោះមានផ្លូវខ្វែងខ្វាត់ច្រើន ពង្វាងដានអ្នកទៅរកល្បែងជល់មាន់នោះមិនឲ្យឃើញ។ទាល់តែអ្នកលេងល្បែងជល់មាន់ទើបពួកគេបានដឹង ងាយស្រួលពួកគេនិងនាំគ្នារត់បានឆាប់រហ័ស និងទាន់ពេលវេលាទៀតផង។លោកថា សមត្ថកិច្ចនគរបាលបានចុះទៅដល់ មានតែបង្គោលសម្រាប់ដាក់ព័ន្ធស័ង្កសី ឃើញស្គុតរុំខ្នាយមាន់សំបកកំប៉ុងទឹកសុទ្ធនៅពេញក្រោមដើមចន្ទី ខណៈអភិបាលស្រុកនិងលោកអធិការបានពិនិត្យនៅទីតាំងនោះ។ហើយលោកអភិបាលស្រុកបានឲ្យលោកអធិការតាមដានមើលអំពីសកម្មភាពក្រុមអ្នកញៀនល្បែងជល់មាន់នៅតែលេងបន្តទៀត លោកនិងចាប់បង្ក្រាបឲ្យខានតែបាន៕ដោយ៖ សាវ័ន្ត