Tuesday, November 26, 2024
Header Banner

អាជ្ញាធរខេត្តព្រះវិហារ លើកឡើងថា ពលរដ្ឋដែលមកសាងសង់ផ្ទះលើដីរដ្ឋ អាជ្ញាធរនឹងបណ្តេញចេញឲ្យដល់ទីបញ្ចប់!

ខេត្តព្រះវិហារ៖អាជ្ញាធរខេត្តព្រះវិហារ លើកឡើងថាពលរដ្ឋប្រមាណជា៣០គ្រួសារដែលមកសាងសង់ផ្ទះដោយខុសច្បាប់នៅលើដីកម្មសិទ្ធរបស់រដ្ឋនៅភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ នឹងត្រូវសមត្ថកិច្ចចម្រុះរុះរើខ្ទមនិងផ្ទះចេញឲ្យខានតែបាន។

ពលរដ្ឋលើកឡើងថា ក្នុងនាមពលរដ្ឋមករស់នៅទីនេះយូរមកហើយ គាត់មិនចង់បានអ្វីនោះទេគឺគាត់សុំតែដីនឹងផ្ទះរបស់គាត់នៅទីនេះ ដែលធ្លាប់រស់នៅយកមកហើយ។ពលរដ្ឋបន្តថា កាលពីថ្ងៃទី៦ខែមិនាឆ្នាំ២០២៤ម្សិលមិញនេះ អាជ្ញាធរចម្រុះនៃខេត្តព្រះវិហារ បានបាញ់និងគប់គ្រាប់បែកផ្សែង ព្រមទាំងចាប់ពលរដ្ឋដាក់ឡានក្រុងអស់ប្រមាណជា៣០នាក់ ដោយអះអាងថាពួកគាត់សាងសង់ផ្ទះនៅលើដីរដ្ឋដោយគ្មានច្បាប់ទម្លាប់។

ពាក់ព័ន្ធនឹងករណីនេះដែរ លោកណុប វុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី០៧ខែមិនាឆ្នាំ២០២៤នេះថា អាជ្ញាធរពាក់ព័ន្ធដែលដឹកនាំដោយលោកទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានបន្តចុះអនុវត្តន៍ការរុះរើខ្ទមនិងផ្ទះ របស់ពលរដ្ឋដែលដើរចាប់ដីរដ្ឋ នៅភូមិភ្នំម្រេចក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ លោកបន្តថា អាជ្ញាធរខេត្តព្រះវិហារ បានចុះអនុវត្តន៍វិធានការការពារនិងថែរក្សាការពារដីរដ្ឋដែលបានចុះបញ្ជីរួចហើយ ហើយយើងបានធ្វើជាដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនសិលាដាម៉ិច ។

លោកបន្ថែមថា ពលរដ្ឋទាំងនោះជាជនអាណាធិបតេយ្យដែលតែងតែដើរចាប់ដីខុសច្បាប់ ហើយពួកគាត់មិនមែនជាពលរដ្ឋនៅខេត្តព្រះវិហារនេះទេ យើងមានការជូនដំណឹងឲ្យគាត់រុះរើដោយខ្លួនឯង និងមានការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានារួចហើយ។ដូច្នេះយើងបានធ្វើការងារបែបបទរដ្ឋបាលរួចហើយទើបយើងឈានទៅដល់ការអនុវត្តការពារដីរដ្ឋដើម្បីទុកបន្សល់ឱ្យកូនចៅជំនាន់ក្រោយទៅថ្ងៃអនាគតទៀត។ លោកបញ្ជាក់ថា ការចុះអនុវត្តច្បាប់ទៅលើការសាងសង់ផ្ទះដោយអាណាធិបតេយ្យរបស់ពលរដ្ឋដែលមកពីបណ្ដាស្រុកនិងខេត្តផ្សេងៗនោះ អាជ្ញាធរនិងបន្តចុះរុះរើរហូតអស់ក្រុមដែលមករស់នៅបែបអាណាធិបតេយ្យនៅលើដីរដ្ឋតទៅទៀត។

សូមរម្លឹកថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចសិលាដាម៉ិច គឺសុំសិទ្ធិពីរាជរដ្ឋាភិបាលដើម្បីដាំកៅស៊ូក្នុងផ្ទៃដី៩០០០ហិចតាតែដោយបច្ចុប្បន្នកាត់ឆ្វៀលអស់នៅសល់ប្រមាណ៦ពាន់ហិចតា។ក្រុមហ៊ុននេះបានផ្អាកមួយរយៈក៏បន្តមកវិញដោយសុំសិទ្ធិអភិវឌ្ឍន៍ថ្មីទៀត។ សូមបញ្ជាក់ផងដែរថា ករណីអាជ្ញាធរឃាត់ខ្លួនពលរដ្ឋយកទៅសួរនាំនៅស្នាក់ការរដ្ឋបាលព្រៃឈើ ប្រមាណជា៣០នាក់នោះគឺកំពុងសួនាំ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម