ភ្នំពេញ ៖ នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសហប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ (គ.ក.ប.យ.) និងឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងជាសហប្រធាន នៃ គ.ក.ប.យ. បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ក.ប.យ. លើកទី១។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ព្រមទាំង អនុប្រធាន និងសមាជិក នៃ គ.ក.ប.យ. ផងដែរ។ជាកិច្ចចាប់ផ្តើម, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអបអរសាទរដល់ឯកឧត្តម លោកជំទាវ ដែលត្រូវបានទទួលការតែងតាំងពីរាជរដ្ឋាភិបាល ជាអនុប្រធាន សមាជិក អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃ គ.ក.ប.យ។
ថ្លែងក្នុងឱកាសនឡឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា កិច្ចប្រជុំលើកទី១ នេះ មានគោលបំណងសំខាន់ៗ ២គឺ៖ ១-ដើម្បីឱ្យសមាសភាពដែលមានការពាក់ព័ន្ធទាំងអស់ យល់គ្នាឱ្យបានច្បាស់ អំពីទិសដៅនៃការកែទម្រង់ និង ២-ដើម្បីធានាឱ្យបាននូវភាពស៊ីចង្វាក់គ្នា ក្នុងការចូលរួមគាំទ្រ និងអនុវត្ត តួនាទី និងភារកិច្ចរបស់ខ្លួននៅក្នុងកិច្ចដំណើរការកែទម្រង់នេះ។អង្គប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ៣ រួមមាន៖ ទី១-ការប្រកាសសមាសភាពនៃ គ.ក.ប.យ., ទី២-ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងដំបូងនៃផែនការយុទ្ធសាស្រ្តសម្រាប់ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និង ទី៣-ទិសដៅការងារបន្តរបស់ គ.ក.ប.យ.។
ជាកិច្ចបញ្ចប់, គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បានបង្ហាញនូវជំហរគាំទ្រយ៉ាងពេញទំហឹងទៅលើគំនិតផ្តួចផ្តើម និងការគិតគូរក្នុងការដាក់ចេញនូវយុទ្ធនាការចំនួន ២ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ រួមមាន៖ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយសំណុំរឿងនៅតាមតុលាការ និងយុទ្ធនាការពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ៕ដោយ៖AFN