(ប៉ៃលិន)៖ រោងចក្រសម្ងួតមៀន មួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង កាលពីវេលាម៉ោង ០២និង០០នាទីយប់ រំលងអាធ្រាតថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិបុសស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមលោកវរសេនីយ៍ឯក យ៉ន ជេដ្ឋា ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ រោងចក្រសម្ថួតមៀន មានឈ្មោះ កៅ យាន ស្ថិតនៅចំណុចកើតហេតុខាងលើ និងមានអ្នកតំណាងឈ្មោះ ជីង ហ្វៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិចិន ហើយករណីនេះ បណ្តាលឲ្យខូចខាតឃ្លាំង ទំហំ ៣០ម x ៥០មធ្វើអំពីថ្មប្រកស័ង្កសី (ឆេះ៥០%) ,ម៉ាស៊ីនត្រជាក់ចំនួន ៥គ្រឿង,ម៉ាស៊ីនកំដៅសម្ងួតមៀនចំនួន ៣គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត។
លោកវរសេនីយ៍ឯក យ៉ន ជេដ្ឋា ស្នងការរង បានបន្តទៀតថា៖ក្នុងកិច្ចសហការពន្លត់អគ្គីភ័យនេះដែរ គឺរួមមានកម្លាំងការិយាល័យអគ្គីភ័យខេត្តប៉ៃលិន ,កម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ដែលយើងបានគ្រប់គ្រង និងពន្លត់បានទាំងស្រុង នៅវេលាម៉ោង ០៤ និង៣០នាទីទាបភ្លឺថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តអគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំនួន ២គ្រឿង និងប្រើប្រាស់ទឹកបាញ់អស់ចំនួន ៥ រថយន្ដ។លោកវរសេនីយ៍ឯក យ៉ន ជេដ្ឋា ស្នងការរង ក៍បានបញ្ជាក់ដែរថា៖ ការបង្កើតជាអគ្គីភ័យនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង (ឆ្លងចរន្តអគ្គិសនី)នៅកន្លែងទូសម្ងួតមៀន ធ្វើអោយឆាបឆេះ នៅក្នុងរោងចក្រទាំងមូល តែម្តង ៕អត្ថបទ ជាយដែន