Thursday, December 12, 2024
Header Banner

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បំភ្លឺជុំវិញករណីអធិការរងក្រុងប៉ោយប៉ែត ម្នាក់យកលុយជាង១មុឺនដុល្លាររត់ការចូលប៉ូលិសមិនសម្រេច

ខេត្តបន្ទាយមានជ័យ៖យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចុះថ្ថៃទី២០មីនាឆ្នាំ២០២៤ជំវិញករណីបណ្តាញសង្គមផ្សាយពីលោកវរសេនីយ៍ទោ សន ធឿន អធិការងក្រុងប៉ោយប៉ែត យកលុយពលរដ្ឋ ១៨០០០ដុល្លារ ដោយសន្យាថារត់ការយកកូនគាត់ចូលបំរើក្របខណ្ឌនគរបាលជាតិ ហើយរត់ការមិនបាន មិនអោយលុយឲ្យគាត់វិញ ហើយដេញគាត់អោយ ទៅប្តឹងដល់ណាប្តឹងទៅ។

សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសូមជម្រាបជូនដល់សាធារណៈជនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានជ្រាបថា ៖ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៩:៣០ នាទី មាន ហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ (Pheng Vannak) បានសរសេរបង្ហោះថា ” ជំរាបសួរ លោក វរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត តើលោកសុខសប្បាយជាទេ? ប្រជាពលរដ្ឋរងគ្រោះផ្តល់ព័ត៌មានមកថា លោក វរសេនីយ៍ទោ យកលុយគាត់ ១៨០០០ដុល្លា ដោយសន្យាថារត់ការយកកូនគាត់ចូលបំរើក្របខណ្ឌនគរបាលជាតិ។ឥលូវរត់ការមិនបាន មិនអោយលុយគាត់វិញ ហើយដេញគាត់អោយ ទៅប្តឹងដល់ណាប្តឹងទៅ? ខ្ញុំបាទទទួលព័ត៌មាននេះ និងបានបញ្ជូនបន្ត ទៅលោកស្នងការខេត្តបន្ទាយមានជ័យ សំណូមពរអោយជួយពិនិត្យ មើលករណីនេះ ហើយបើ លោកអធិការរងក្រុងប៉ោយប៉ែត យកលុយជនរងគ្រោះមែន សូមប្រគល់ជូនគាត់វិញ” ។ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺ និងជម្រាបជូន ដល់សាធារណៈជនជ្រាបថា ៖ លោក វរសេនីយ៍ទោ សន ធឿន ពិតជាមានតួនាទីជា អធិការរង នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ពិតប្រាកដមែន។ ស្នងការបានទទួលរបាយការណ៍ស្តីអំពី ភាពអសកម្មការងារ ដោយមិនដឹងមូលហេតុ របស់ លោក វរសេនីយ៍ទោ សន ធឿន និងបានធ្វើលិខិតអញ្ជើញលោកអោយមកបំភ្លឺចំនួន ០២លើក ប៉ុន្តែសាមីខ្លួនមិន បានមកបំភ្លឺតាមការអញ្ជើញរបស់ស្នងការនគរបាលខេត្តឡើយ។អនុវត្តតាមបទវិន័យនគរបាលជាតិកម្ពុជា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កន្លងមក បានធ្វើការរៀបចំប្រជុំ ក្រុមប្រឹក្សាវិន័យរួចហើយ ពីភាពអសកម្ម ក្នុងការបំពេញការងារ របស់ លោកវរសេនីយ៍ទោ សន ធឿន ។

ចំពោះខ្លឹមសារ ហ្វេសប៊ុក របស់ លោក ផែង វណ្ណៈ (Pheng Vannak) ដែលបានចុះផ្សាយ ស្នងការនគរបាលខេត្តនឹងស្រាវជ្រាវអោយបាន គ្រប់ជ្រុងជ្រោយ ដើម្បីចាត់ការ តាមនីតិវិធី។អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ចំពោះសាធារណៈជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង សុវត្ថិភាពសង្គម ។ អាស្រ័យហេតុនេះសូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទទួលជ្រាបជាព័ត៌មាន៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម