Tuesday, November 26, 2024
Header Banner

ពលរដ្ឋល្អរាយការណ៍ឲ្យសមត្ថកិច្ចឃាត់ខ្លួន២នាក់ប្តីប្រពន្ធករណីផ្សំគំនិតសម្លាប់កូន(ចុង)យ៉ាងឃោឃៅនៅឃុំតាសៀម…


ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤នេះ កម្លាំងនគរបាលជំនាញនៃស្រុកស្វាយលើ បានឃាត់ខ្លួនប្តីប្រពន្ធ១គូរសម្លាប់កូន(ចុង)អាយុ២ឆ្នាំយ៉ាងព្រៃផ្សៃរួចយកទៅកប់នៅក្រោយផ្ទះបម្រុងបិទភស្តុតាង ត្រូវបានពលរដ្ឋល្អរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ជនសង្ស័យទី១ ឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើតភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ស្នាក់នៅបណ្ដោះអាសន្នភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។២.ឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើតភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ទីលំនៅបច្ចុប្បន្នភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។ពាក់ព័ន្ធនិងបទល្មើស ជាក់ស្តែងករណី ឃាតកម្ម កាលពីវេលាម៉ោង២០:០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។


សមត្ថកិច្ចបន្តថា ដំណើររឿងគឺ ឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំមានកូនប្រុសឈ្មោះ ផ្លាវ សុចិត្រា ភេទប្រុស អាយុ ២២ខែ រស់នៅក្នុងបន្ទុក ជាមួយនិងឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ(ជាប្តីទី៤ និងជាឪពុកចុង) រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ដោយពីរនាក់ប្តីប្រពន្ធបានប្រកបមុខរបរ ស៊ីឈ្នួលដាំដំឡូង និងបេះគ្រាប់ស្វាយចន្ទី។ នៅវេលាម៉ោង ២៣:៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អ្នករស់ជិតខាងបានឮសម្លេងស្រែកយំខ្លាំងៗរបស់កុមារាឈ្មោះផ្លាវ សុចិត្រា ចេញពីក្នុងផ្ទះ។ លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បាត់កុមារាខាងលើ មិនឃើញរត់លេងដូចរាល់ដង ដោយមានការសង្ស័យ អ្នករស់នៅជិតខាងដដែលបានប្តឹងរាយការណ៍ ដល់សមត្ថកិច្ចនគរបាលស្រុកស្វាយលើ ចុះនាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើមកធ្វើការសាកសួរ។
តាមការស្តាប់ចម្លើយរបស់ឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំ បានសារភាពថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ខ្លួនរួមរស់ជាឈ្មោះ យិន សុខលីន អាយុ ៣០ឆ្នាំ (ប្តីទី៤) ដំបូងឡើងប្តីមិនដែលបង្ហាញពីអារម្មណ៍ស្អប់ខ្ពើមកូនឈ្មោះ ផ្លាវ សុចិត្រា ទើបតែមួយរយៈចុងក្រោយនេះ ដោយសារឃើញរូបខ្លួនឆាតជាមួយឈ្មោះ ប៉ាត ផ្លាវ (ប្តីទី៣) ទើបគេមានការខឹងសម្បារ ហើយប្រើហិង្សាកុមារារងគ្រោះជាបន្តបន្ទាប់។ ជាក់ស្តែងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង២០:០០នាទី ឈ្មោះ យិន សុខលីន បានប្រើដៃម្ខាង (ដៃឆ្វេង) ចាប់ដៃខាងឆ្វេងកូនលើកយួរផុតពីកម្រាល(ដោយមិនបានត្រកងពីផ្នែកខាងក្រោម) ទេ ទៅដាក់លើភួយ ស្ថិតនៅជ្រុងខាងត្បូង ពេលនោះកូនក៏ភ្ញាក់ស្រែកយំ ប្តីបាននិយាយថា “អាត្រាស្ងាត់ កុំមាត់ ឆាប់គេង” ប៉ុន្តែកូននៅតែបន្តយំ ទើបប្តី ស្ទុះទៅវាយដើមទ្រូងកូនចំនួន ០១ដៃ ដោយប្រើដៃខាងស្តាំ បន្ទាប់មកកូនស្រែកយំរឹតតែខ្លាំង ហើយគេបានយកដៃស្តាំច្របាច់ក ចំណែកដៃឆ្វេង ខ្ទប់មាត់ និងច្រមុះបានប្រហែល ២០វិនាទី ទើបដកដៃទាំងពីរចេញ។ បន្ទាប់មកយកដៃឆ្វេងចាប់លើកជើងកូន ខាងឆ្វេង ដាក់ក្បាលចុះក្រោមទល់និងខ្នើយ ហើយគេវាយដោយក្តាប់ដៃខាងស្តាំ ចំត្រង់ស្លាបប្រជៀវខាងឆ្វេង ចំនួន ០១ដៃ ហើយទាញកន្ត្រាក់បោះទៅលើកម្រាលបន្ទាប់មកវាយចំផ្នែកក្បាល និងគុម្ពត្រចៀកផ្នែកខាងឆ្វេងចំនួន ០១ដៃទៀត។ ភ្លាមនោះកូនក៏ប្រកាច់ក្បាលឡើងលើដកចង្ការមាន់ ហើយគេបានយកភួយទៅដណ្តប់ឱ្យកូន។ រូបខ្លួនពិតជាបានឃើញសកម្មភាពដូចបានរៀបរាប់ខាងលើពិតមែន ប៉ុន្តែមិនហ៊ានចូលទៅហាមឃាត់ប្តីដោយខ្លាចគេវាយធ្វើបាប ឬកាប់សម្លាប់ ពីព្រោះគេមានដាវសាំម៉ូរៃ ចំនួន ០១ដើម រក្សាទុកនៅលើធ្នើរដាក់ចានឆ្នាំងក្បែរដៃគេតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពខាងលើរួចហើយ ប្តីបាននាំខ្លួនចូលដេកដោយនិយាយថាកូនវាមិនអីទេ។

លុះម៉ោង០៤:០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ទើបដឹងថា កូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ពេលបើកភ្លើងទូរស័ព្ទបញ្ចាំងមើលឃើញលាមកកូននៅលើកម្រាល ហើយពេលយកដៃច្រត់ដើមទ្រូងកូន ក៏មានហៀរទឹកនោមចេញមក បន្ទាប់មកខ្លួនបានយកកូនទៅងូតទឹកសំអាតខ្លួន ហើយពាក់ខោរអាវឲ្យកូន។ ទន្ទឹមនោះប្តី (ឈ្មោះ យិន សុខលីន) បានលើកដៃសំពះ និងនិយាយអង្វរថា “កុំប្តឹងប៉ូលិសអី គេមិនចង់ជាប់គុកទេ គេមិនរត់ទៅណាចោលរូបខ្លួនទេ គឺបន្តរស់នៅជាមួយគ្នារហូត”។ ដើមឡើយគិតថាទុកសពកូនដល់ពេលល្ងាច ក្នុងគោលបំណងហៅម្តាយមកកុហកថា កូនបានស្លាប់ដោយជម្ងឺ ប៉ុន្តែនៅម៉ោង០៨:០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សពកូនចាប់ផ្តើមមាន ក្លិនតិចៗ ទើបខ្លួន និងប្តីសម្រេចយកសពទៅកប់ក្នុងដីជាប់និងលូបង្គន់ក្រោយផ្ទះ។ លុះដល់ម៉ោង១៦:៣០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ទើបសមត្ថកិច្ចនគរបាល ចុះនាំរូបខ្លួននិងប្តី មកធ្វើការសួរតែម្តង។ ដោយខ្លួនបានសារភាពថា អំពើខាងលើប្រព្រឹត្តតែម្នាក់ឯងដោយសារអាណិត និងស្រឡាញ់ប្តី ម្យ៉ាងទៀតគាត់មានកូនដើមត្រូវចិញ្ចឹម ចំណែកខ្លូនពុំមានកូននៅជាមួយទៀតទេ។ ជនសង្ស័យបានសារភាពបន្ថែមថា កន្លងមករូបនាងធ្លាប់ប្រើហិង្សាជាច្រើនលើកទៅលើកុមាររងគ្រោះ តាំងពីគេមានអាយុ០៨ខែ រហូតមកថ្ងៃស្លាប់ ដោយការប្រើហិង្សានោះគឺ នាងវាយកូនដោយប្រើដៃដោយប្រើរំពាត់ និងវាយដោយដើមដំឡូងមីជាដើម បណ្តាលកូនមានស្នាមដាច់រលាត់ និងស្នាមជាំលើដងខ្លួន។

តាមការស្តាប់ចម្លើយឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ បានសារភាពថា រូបគេធ្លាប់ប្រើហិង្សាលើកុមាររងគ្រោះ ប៉ុន្តែចំពោះករណីឃាតកម្មខាងលើនេះ គេមិនបានប្រព្រឹត្តនោះទេ។តាមការពិនិត្យសាកសពកុមារារងគ្រោះ មានស្នាមជាំងផ្នែកក្បាល និងផ្ទៃមុខផ្នែកខាងឆ្វេង, ស្នាមដាច់រលាត់ចុងភ្នែកឆ្វេង, បាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងមានស្នាមដាច់រលាត់កខាងស្តាំ។វត្ថុតាងដកហូត ដាវសាំម៉ូរៃ ចំនួន ០១ដើម ប្រវែង៧០សង់ទីម៉ែត្រ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បី ចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម