ភ្នំពេញ៖ សមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន សហការគ្នាបង្ក្រាបចំនួន ២គោលដៅ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់និងរឹបអូសនូវសារធាតុញៀន ជាង១៨៥គីឡូក្រាម។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ត្រី ដោក ភិរិទ្ធ នាយករងមន្ទីរ និងវរសេនីយ៍ឯក យ៉េង ប៊ុនណា នាយការិយាល័យ ក៧ សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅ ២គោលដៅ៖ គោលដៅទី១៖ ដីឡូត៍បណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងគោលដៅទី២៖ មុខវត្តញាណរង្សី ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖ ឈ្មោះ សេង សុខទី ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩១, ឈ្មោះ ខៀវ ចិន្តា ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨១ និងឈ្មោះ ហេង គឹមលាង ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៧៧ (ម្ចាស់ផ្ទះ)។
សម្រាប់វត្ថុតាងដែលចាប់យកបានរួមមាន៖ កេតាមីន (KETAMINE) ទម្ងន់ ១៨៣ ៨២៣.២០ក្រាម (១៨៣គីឡូ និង៨២៣.២០ក្រាម) និងមេតំហ្វេតាមីន(ICE) ទម្ងន់ ១៩៩៦ ក្រាម (១គីឡូ និង៩៩៦ក្រាម)។ សរុបវត្ថុតាងគ្រឿងញៀន៖ ១៨៥ ៨១៩.២០ក្រាម (១៨៥គីឡូ និង៨១៩.២០ក្រាម)។
បច្ចុប្បន្នជនល្មើសទាំង៣នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់៕AFN