***ករណីនេះដែរអាជ្ញាធរប្រទេសថៃ ប្រាប់ឱ្យពលរដ្ឋខ្លួនរស់នៅជាប់ទន្លេ មេគង្គប្រុងប្រយ័ត្ន ក្រោយរថយន្តដឹក អាស៊ីតក្រឡាប់ហូរអាស៊ីតចូលទន្លេ….
ភ្នំពេញ៖នៅថ្ងៃទី៩ ខែមេសាឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន បានប្រកាសថា ក្រុមមន្រ្ដីបច្ចេកទេសរបស់ក្រសួង កំពុងតាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែង ករណីឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកអាស៊ីតស៊ុលហ្វូរិច នៅឡាវ។
ក្រសួងបរិស្ថាន ជម្រាបជូនដល់សាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិឱ្យថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកអាស៊ីតស៊ុលហ្វូរិច (Sulfuric Acid) នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយប្រមាណ ១៣៧០ គីឡូម៉ែត្រពីព្រំប្រទល់កម្ពុជា-ឡាវ។
ក្រសួងបញ្ជាក់ថា ជាការឆ្លើយតបចំពោះគ្រោះឧបទ្ទវហេតុនេះ ក្រសួងបរិស្ថានបានធ្វើការយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ ដោយបានចាត់ក្រុមការងារជំនាញចុះទៅធ្វើការត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គនៅតាមតំបន់ ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការវិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការ តាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែង។
ទន្ទឹមនឹងនេះដែរ ក្រសួងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមយន្តការដែលមានស្រាប់រវាង ប្រទេសទាំងពីរ តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធ នឹងករណីខាងលើនេះ និងធ្វើការជូនដំណឹងជាសាធារណៈចំពោះការវិវត្តណាមួយពីស្ថានភាពគុណភាពទឹក ទន្លេមេគង្គជាបន្តទៀត៕AFN