សៀមរាប៖យោងរបាយការណ៍បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង ឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវបានផ្លាស់ប្តូរទៅកាន់ភារកិច្ចថ្មី នៅសាលប្រជុំសាលាខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបថ្មីរួចមក រូបលោកបានឡើងធ្វើការប្ដេជ្ញាចិត្តសន្យាថា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និងអនុវត្តដោយស្មោះត្រង់តាមកម្មវិធីនយោបាយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ហើយគោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទប្បញ្ញតិ្ត និងបទបញ្ជាផ្សេងៗរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទៅតាមបទវិន័យរបស់មន្ត្រីនគរជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង និងការិយាល័យពាក់ព័ន្ធផ្សេងៗទៀតឱ្យបានល្អប្រសើរ។
ឯកឧត្ដម ប្រាក់ សោភ័ណ បានថ្លែងនូវការកោតសរសើរ ចំពោះការងារដែលអតីតស្នងការខេត្ត និងបងប្អូនកងកម្លាំងនគរបាលទាំងអស់ ខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ដោយបានផ្តល់សេវាឆាប់រហ័ស និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក នៅក្នុងឱកាសសៀមរាបសង្រ្កាន្តកន្លងមកនេះ ព្រមទាំងជម្រុញឲ្យបន្តលើកិច្ចការងារនេះ ឲ្យកាន់តែល្អទ្វេរឡើងបន្ថែមទៀត។ ឯកឧត្តម អភិបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវវិធានការសំខាន់ៗមួយចំនួន ដល់កងកម្លាំងសមត្ថ កិច្ច ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព និង ធានាបានសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ និង ភ្ញៀវទេសចរណ៍ ដែលចូលមកកាន់ខេត្តសៀមរាប ដែលជាខេត្តប៉ូលទេសចរណ៍ ។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឯកភាពទៅលើរបាយការណ៍ របស់លោកស្នងការចាស់បានលើកឡើង អំពីលទ្ធផល និងសមទ្ធិផលដែលបានអនុវត្តកន្លងមក ព្រមទាំងមានការជឿជាក់លើការដឹកនាំរបស់ ស្នងការនគរបាលខេត្តថ្មីដែលទើបចូលកាន់តំណែង ដែលមានកិច្ចរួមសាមគ្គី សហការគ្នាបានល្អ លើកការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ។
នាយឧត្តមសេនីយ៍ ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗ សម្រាប់លោកស្នងការនគរបាលថ្មី ធ្វើការដឹកនាំកងកម្លាំង ដោយបានលើកនូវគោលដៅសំខាន់ៗចំពោះមុខផងដែរ ។ នាយឧត្តមសេនីយ៍ ក៏បានធ្វើការផ្តល់នូវដំបូន្មានល្អៗ សម្រាប់កងកម្លាំងទាំងអស់ សម្រាប់យកទៅអនុវត្តនៅក្នុងមូលដ្ឋាន ព្រមទាំងសូមឲ្យមន្ត្រីកងកម្លាំងនគរបាលទាំងអស់ ត្រូវធ្វើការកែប្រែនូវឥរិយាបថរបស់ខ្លួន គោរពនូវក្រមសីលធម៌ជាមន្ត្រីនគរបាលជាតិ ក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និង ត្រូវអនុវត្តឲ្យខាងតែបាននូវខ្លឹមសារ៩ចំណុច នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ នាយឧត្តមសេនីយ៍អគ្គស្នងការ បានសង្កត់ទៅលើការងារគ្រប់គ្រងធនធានមនុស្ស ,ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ,ការងារបង្ក្រាបចរាចរគ្រឿងញៀន និង ក្រុមក្មេងទំនើង ដោយខេត្ត សៀមរាបជាគោលដៅរបស់ភ្ញៀវទេសចរណ៍ ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិ ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាបផងដែរ ។
នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការផ្តាំផ្ញើដល់លោកស្នងការថ្មី ត្រូវអនុវត្តឲ្យបាន ពីតួនាទីភារកិច្ចរបស់ខ្លួន ដែលជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់បម្រើប្រយោជន៍ និងក្តីសុខជូនប្រជាពលរដ្ឋ ជាពិសេសកត្តាសំខាន់ចំពោះមុខ លើការងារ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពង្រឹងវិន័យ និងលើកកម្ពស់សមត្ថភាពដល់កងកម្លាំងរបស់ខ្លួន ដើមី្បអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕ដោយ៖AFN