ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ តាមច្រករបៀងត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោក៨១៥សហការជាមួយកម្លាំងចម្រុះរួមមាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ ឃាត់ទប់ស្កាត់ ធ្វើការអប់រំអោយត្រឡប់ទៅលំបៅដ្ឋានវិញ។
ប្រតិបត្តិការនេះ ដឹកនាំបង្កា ទប់ស្កាត់ ដោយ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំងយោធាផ្នែកសឹករង។
ចំពោះពលរដ្ឋខ្មែរដែលបានទប់ស្កាត់មិនអោយឆ្លងដែនខុសច្បាប់ធ្វើឡើងក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃមានចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់។ ពលរដ្ឋទាំងអស់ភាគច្រើនគឺមកពីបណ្ដាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចយើងបានឲ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ សូមឲ្យឆ្លងដែនដោយស្របច្បាប់ មានលិខិតស្នាមត្រឹមត្រូវ ជៀសវាងចាញ់បោកមេខ្យល់ ឬមានបញ្ហាបើបន្តឆ្លងដែនខុសច្បាប់៕ដោយ៖AFN