ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់ជប៉ុន។សម្តេចបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍវិស័យសុខាភិបាល គឺជាកិច្ចការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យប្រសើរឡើងនូវសុខុមាលភាពមូលធនមនុស្ស គឺជាគោលដៅចម្បង ដែលអាចធានាបាននូវការអភិវដ្ឍប្រកបដោយចីរភាព ខណៈការងារនេះ ត្រូវធ្វើឡើងព្រមគ្នាទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស គ្រឿងបំពាក់ និងសមត្ថភាពមន្ទីរពេទ្យ។
សម្តេចបានមានប្រសាសន៍ទៀតថា សម្រាប់ការពង្រឹងសេវាសុខាភិបាលរបស់រាជរដ្ឋាភិបាល គឺការធ្វើទំនើបកម្ម និងលើកកម្ពស់សមត្ថភាព ក្នុងការផ្ដល់សេវាព្យាបាលជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកម្រិតធ្ងន់ៗ។ ជាច្រើនឆ្នាំណាស់មកហើយ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំក្នុងការអភិវឌ្ឍបង្កើនសមត្ថភាពនេះ ជាពិសេសពេទ្យថ្នាក់ជាតិ នៅរាជធានីភ្នំពេញ ដែលបង្កើននូវសមត្ថភាពក្នុងការព្យាបាល បំពាក់ឧបករណ៍ទំនើប និងការបណ្ដុះបណ្ដាលក្នុងការព្យាបាលជំងឺធ្ងន់ និងស្មុគស្មាញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រៅពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ឈានឡើងនោះ ការពង្រឹងគុណភាពព្យាបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ជាចំណុចសំខាន់ ដើម្បីផ្តល់សេវាសង្គ្រោះបឋម និងជំងឺផ្សេងៗទៀត។
សម្ដេចបានសង្កត់ធ្ងន់ថា គោលដៅរបស់រាជរដ្ឋាភិបាល ធ្វើឲ្យមណ្ឌលសុខភាពបើកហើយ គឺមិនបិទវិញទេ ពោលបើកហើយត្រូវមានគ្រូពេទ្យផ្តល់សេវា២៤ម៉ោង។
សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងដែរថា ក្នុងរយៈពេលប្រមាណ៤ឆ្នាំនេះ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ១ពាន់លានដុល្លារអាមេរិក សម្រាប់ពង្រឹងវិស័យសុខាភិបាល ខណៈការពង្រឹងវិស័យសុខាភិបាលមិនថយនោះឡើយ គឺដើរទៅមុខជានិច្ច ហើយសម្ដេចចាត់ទុកថា ការវិនិយោគលើវិស័យសុខាភិបាល គឺជាការជួយសេនាទេវតា ជួយជីវិតប្រជាពលរដ្ឋ។
ការធ្វើទំនើបកម្ម ពង្រឹងសមត្ថភាពនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំគ្រូពេទ្យ, បុគ្គលិកសុខាភិបាល ត្រូវ រក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ ខ្ជាប់គ្រប់ពេលវេលានូវក្រម សីល ធម៌ វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយភាពស្មោះ ត្រង់, សុចរិតភាព និងប្រកបដោយសមធម៌ ជាពិសេស ត្រូវធានាថា គ្មានអ្នកជំងឺណាម្នាក់ត្រូវបានរើសអើង និងបដិសេធការទទួលបានសេវាថែទាំព្យាបាល ដោយសារស្ថានភាពសង្គម-សេដ្ឋកិច្ចរបស់បុគ្គល ឬគ្រួសារ, ទំនៀមទម្លាប់, សាសនា និន្នាការនយោបាយ នោះទេ៕ដោយ៖AFN