Tuesday, November 26, 2024
Header Banner

នគរបាលខេត្តស្ទឹងត្រែង និងនគរបាលខេត្តសៀមរាប សហការគ្នាបង្ក្រាប គ្រឿងញៀនបានជាង១០០គីឡូក្រាម និងអាវុធ១ដើម

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងនៅរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២៤នេះថា កម្លាំងនគរបាលខេត្តស្ទឹងត្រែង និងនគរបាលខេត្តសៀមរាប សហការគ្នាស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យនិងដកហូតចាប់យកវត្ថុតាង សារធាតុញៀនមេតំហ្វេតាមីន(ice) សរុបចំនួន១២១ដុំ ដែល បានលាក់ទុក នៅក្នុងរថយន្តម៉ាកCamary គូទហើម ស្មើនឹងទម្ងន់ ១២០,៦៨៥ ក្រាម និងកាំភ្លើងខ្លី ចំនួន ០១ដើម ម៉ាកGLOCK និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និង លោក ឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយលោក ឧត្តមសេនីយ៍ទោ អូត ស៊ីវត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង និង លោក ឧត្តមសេនីយ៍ត្រី ផៃ រស្មី ស្នងការរងទទួលផែនការ ងារប្រឆាំងគ្រឿងញៀន ដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តសៀមរាប និង លោក យិន យូឡាយ ព្រះរាជអាជ្ញារង ដោយមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុង សៀមរាបនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានធ្វើការបង្ក្រាបករណីប្រើប្រាស់អាវុធដោយខុសច្បាប់នៅចំណុចភូមិតាភុល សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។

  ក្រោយពីយើងប្រើវិធានការជំនាញសាកសួរ  និង ពិនិត្យទៅលើភស្តុតាងនានាហើយបានស្រាវជ្រាវរកឃើញទីតាំងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និងបានដកហូតចាប់យកវត្ថុតាង សារធាតុញៀនមេតំហ្វេតាមីន(ice) សរុបចំនួន១២១ដុំ ដែល បានលាក់ទុក នៅក្នុងរថយន្តម៉ាកCamary គូទហើម ស្មើនឹងទម្ងន់ ១២០,៦៨៥ ក្រាម។

  បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ចូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម