ខេត្តសៀមរាប៖ ទោះជាមានការហាមឃាត់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាឲ្យសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ សហការជាមួយ និងបរិស្ថាន រួមទាំងកងកម្លាំងសមត្ថកិច្ច ឲ្យទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើ ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូន ដោយខុសច្បាប់ក៏ដោយ ក៏គេសង្កេតឃើញថា នៅស្រុកស្វាយលើ នៅតែធ្វើសកម្មភាពដឹកជញ្ជូនដោយពុំខ្លាចញញើតពីសំណាក់ច្បាប់នោះឡើយ ជាហេតុធ្វើឲ្យមានការសង្ស័យថា សមត្ថកិច្ចជំនាញជាអ្នកបើកភ្លើងខៀវ។
ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញបាននាំគ្នាកាប់ឈើនៅក្នុងតំបន់គូលែនព្រហ្មទេព យ៉ាងរង្គាលដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាន រួចដឹកជញ្ជូនឈើដោយខុសច្បាប់យកមកចែកចាយនៅក្នុងដេប៉ូឈើក្នុងខេត្តសៀមរាប។
ក្នុងនោះដែរក៏មានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាហជនថា លោក ម៉ុង ប៊ុនលីម នាយខណ្ទរដ្ឋបាល ព្រៃឈើសៀមរាប ពិតជាអសមត្ថភាពក្នុងការទប់ស្កាត់ និងបង្រ្កាបព្រៃឈើ ដែលកំពុងតែលំហូរចូលពីស្រុក ស្វាយលើ ចូលមកទឹកដីខេត្តសៀមរាប ជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះបានបណ្តែតបណ្តោយឲ្យព្រៃឈើរង ការរលាយហិនហោច និងមានសេសសល់នៅថ្ងៃអានាគត់នោះទេ។
ប្រភពចុងក្រោយបានឲ្យដឹងថាឈ្មោះឡាត់ នៅឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានដើរអួតអាងថា ខ្លួនមានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ម្នាក់នៅពីក្រោយខ្នងទើបខ្លួនអាចដឹកជញ្ជូនឈើតាមរថយន្តត្រេអ៊ី១គ្រឿង,រថយន្តម៉ាសដាពណ៌សមួយគ្រឿងនិងគោយន្តកន្ត្រៃដឹកគោពីលើឬដាក់ម៉ូតូពីលើរួចដាក់ឈើពីក្រោម ដឹកចេញពីព្រំប្រទល់ព្រះវិហារ សៀមរាប ត្រង់ចំណុចភូមិក្រមុំបូលក្នុងទឹកដីស្វាយលើ រួចឆ្ពោះមកចែកចាយនៅក្នុងក្រុងសៀមរាប។
ទោះជាយ៉ាងនេះក្តីកម្លាំងរដ្ឋបាលព្រៃឈើស្រុកស្វាយលើនិងកម្លាំងនគរបាលជំនាញនៃខេត្តសៀមរាប កំពុងតាមប្រមាញ់ចាប់ជនល្មើសដឹកឈើខាងលើយកមកផ្ដន្ទាទោសតាមច្បាប់ជាក់ជាមិនខាន៕ដោយ៖AFN