ខេត្តព្រះវិហារ៖ អាជ្ញាធរស្រុកឆែប សហការជាមួយមន្ត្រីកសិកម្មស្រុក ចុះបង្ក្រាបរថយន្តសាំយ៉ុងកែច្នៃ១គ្រឿងផ្ទុកឈើលេខ១ជិត៣ម៉ែត្រគូបរបស់ឈ្មួញឈ្មោះអ៊ួន អូន ប្រគល់ឲ្យមន្ត្រីដែនបរិស្ថានការពារព្រៃឡង់ថែរក្សាបន្ត។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី៣០ខែមេសាឆ្នាំ២០២៤ស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ។ក្រោមការសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្ត និងដឹកនាំបង្ក្រាបដោយ លោក ឡង សុបិន អភិបាលស្រុកឆែប ព្រមទាំងមានការសហការជាមួយកម្លាំងបរិស្ថានស្រុកឆែប ផងដែរ។
យោងតាមប្រភពបានឲ្យដឹងថា មេឈ្មួញដោះស្លែ ឈ្មោះអ៊ួន អូន រូបនេះជាឈ្មួញជើងខ្លាំង អាងខ្សែអ្នកធំនៅពីក្រោយ រស់នៅភូមិពោធិ៍ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើប្រភេទលេខ១ ចេញពីព្រឺឡង់ ជារៀងរាល់ថ្ងៃ។
ប្រភពបន្តថា ការកាប់បំផ្លាញនិងដឹកជញ្ជូនឈើដោយខុសច្បាប់ចេញពីតំបន់ព្រៃឡង់ ក្នុងព្រំប្រទល់ស្រុកឆែប,ស្រុករវៀងនិងស្រុកជ័យសែន ហាក់ផ្ទុះឡើងវិញបណ្ដើរៗហើយ ខណៈគេសង្ស័យថាសមត្ថកិច្ចជំនាញមួយចំនួនត្រូវថ្នាំសណ្ដំ។ ជុំវិញករណីនេះដែរលោក ផិត វណ្ណៈ មន្ត្រីដែនការពារព្រៃឡង់ បានឲ្យដឹងនៅរសៀលថ្ងៃទី០១ខែឧសភាឆ្នាំ២០២៤នេះថា បទល្មើសខាងលើ គឺខាងលោកឡង់ សុបិន អភិបាលស្រុកឆែប និងលោកប្រធានកសិកម្មស្រុក ជាអ្នកបង្ក្រាបរួចយកមកប្រគល់ឲ្យខាងលោកចាត់ការបន្ត។
លោកបន្តថា រថយន្តសាំយ៉ុងកែច្នៃ១គ្រឿងផ្ទុកឈើលេខ១ចំនួន៧០សន្លឹក ស្មើនិង២,៨០ម៉ែត្រគូប។ បច្ចុប្បន្នលោកកំពុងតែរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖AFN