ភ្នំពេញ ៖កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លូនជនសង្ស័យចំនួន២នាក់ ខណៈបាញ់តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ នៅចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យអ្នកសារព័ត៌មានដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បន្ទាប់ពីបាញ់ តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់។ជនសង្ស័យខាងលើជាបក្ខពួកជាមួយជនសង្ស័យដែលផ្ទុះអាវុធ បណ្តាលឱ្យយុវជនម្នាក់ រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅវេលាម៉ោង ១:៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។
ដោយឡែកនៅយប់ថ្ងៃដដែលនេះផងដែរ ជនសង្ស័យម្នាក់ទៀតដែលជាជនដៃដល់បាញ់ បង្កឲ្យរងរបួស យុវជនម្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញនោះ ក៏ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបាននៅខណ្ឌចំការមន ផងដែរ៕ដោយ៖AFN