សៀមរាប៖យោងតាមផេកហ្វេសបុករបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា អាជ្ញាធរខេត្តសៀមរាប សូមកោតសរសើរចំពោះការស្ម័គ្រចិត្តរបស់ បងប្អូនប្រជាពលរដ្ឋ ៩១គ្រួសារ ដែលបានរស់នៅលេីគន្លងផ្លូវ២២ម៉ែត្រ ក្រោយពេទ្យគន្ធបុប្ផា ដែលជាផ្លូវមួយក្នុងចំណោមផ្លូវសាងសង់ទាំង ៣៨ខ្សែ បន្ទាប់ពីរដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹងរួចមក បងប្អូនប្រជាពលរដ្ឋ ៩១គ្រួសារ ដែលកំពុងរស់នៅក្រោយពេទ្យគន្ធបុប្ផា បានសហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលគម្រោងបើកផ្លូវនេះ នឹងចាប់សាងសង់ពង្រីកផ្លូវទំហំ ២២ម៉ែត្រ។ ជាមួយគ្នានេះរដ្ឋបាលខេត្តបានសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួនដែលបានសាងសង់នៅលើផ្លូវកន្លងមក ដើម្បីឱ្យអាជ្ញាពាក់ព័ន្ធអនុវត្តការពង្រីក និងសាងសង់ផ្លូវទាំង ៣៨ខ្សែ ឱ្យស្របទៅតាមផែនការដែលបានគ្រោងទុក។ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូននឹងបន្តចូលរួមសហការជាមួយអាជ្ញាធរខេត្ត ដើម្បីការកែលម្អនិងស្តារហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តសៀមរាបយើងឱ្យស័ក្កិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ។ សកម្មភាពរុះរើរបស់បងប្អូនទាំងអស់នេះ ក្នុងនាមអាជ្ញាធរខេត្តសូមកោតសរសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពនេះ ហើយអាជ្ញាធរខេត្តនឹងចារទុកសកម្មភាពនេះជាប្រវត្តិសាស្ត្រដែលជាប្រជាពលរដ្ឋគំរូល្អក្នុងសង្គមជាតិ៕ #អរគុណសន្តិភាព #សៀមរាបផ្ទះខ្ញុំ