ខេត្តព្រះវិហារ៖នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចំណុះឲ្យបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន៦៧នាក់ក្នុងនោះស្រី៤នាក់ បានបើកវគ្គហ្វឹកហ្វឺនបំប៉នការងារក្សាសណ្តាប់ធ្នាប់និងអន្តរាគមន៍បន្ថែមលើមុខជំនាញរបស់ខ្លួន។ពិធីបើកវគ្គហ្វឹកហ្វឺនដល់នាយ នាយរងកម្លាំងកងរាជអាវុធហត្ថនេះគឺបានប្រាព្វធ្វើឡើងនៅព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាមេបញ្ជាការរងនាយសេនាធិការ នាយសេនាធិការរងប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យនឹងអស់លោកដែលជាមេបញ្ជាការ មេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថអញ្ជើញមកពីបណ្តាក្រុងស្រុកទាំង៨ចំណុះឲ្យទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។
ឆ្លៀតនៅក្នុងឪកាសនោះលោកឧត្តសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បានមានប្រសាសន៍ផ្តាំផ្ញើទៅដល់សិក្ខាកាមទាំងអស់ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ដែលការគោរពវិន័យនេះគឺបាននាំឲ្យខ្លួនយើងរីកចម្រើននិងទទួលបាននូវភាពជោគជ័យ។
ជាការពិតណាស់លោកមេបញ្ជាការថាវិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ វិន័យជាមាសប្រាក់ ក្នុងនាមយើងដែលជាសិក្ខាកាមត្រូវយកចិត្តទុកដាក់នឹងក្រេបជញ្ជក់យកនូវមុខជំនាញដែលលោកគ្រូបង្វឹក ហ្វឹកហាតដល់យើងទាំងផ្នែកការងាររក្សាសណ្តាបធ្នាប់សាធារណ:ទាំងផ្នែកអន្តរាគមន៍ពីព្រោះមុខជំនាញទាំងពីរខាងលើនេះគឺវាមានសារៈសំខាន់ណាស់សម្រាប់យើងជាមន្ត្រីនគរបាលយុត្តិធម៌។
ជាមួយគ្នានោះដែរលោកមេបញ្ជាការក៏បានថ្លែងកោតសរសើរដល់នាយទាហាននាយទាហានរងកម្លាំងកងរាជអាវុធហត្ថជាសិក្ខាកាមដែលត្រូវបានបើកវគ្គហ្វឹកហ្វឺន ខណ:ពេលនេះថារយៈកាលកន្លងមកថ្វីត្បិតអង្គសិក្ខាកាមយើងបានបំពេញតួរនាទីភារកិច្ចស្នូលរបស់ខ្លួនបានល្អឬក៏ល្អមធ្យមពិតមែនក៏ប៉ុន្តែ សូម្បីតែផ្លែកាំបិតបើយើងសំលៀងឲ្យមុតហើយយើងទុកវាចោលដោយមិនបានប្រើការនោះ ក៏វាច្រេះស៊ីធ្វើឲ្យមុខកាំបិតនោះទៅជារឹលលែងមុតនោះដែរ ហើយមុខជំនាញរបស់សិក្ខាកាមយើងក៏ដូច្នេះដែរ។
លោកមេបញ្ជាការក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលត្រូវបើកវគ្គហ្វឹកហ្វឺនទាំងនេះធ្វើយ៉ាងណាត្រូវយកមុខជំនាញដែលទទួលបានពីការហ្វឹកហ្វឺនក្នុងវគ្គនេះយកទៅប្រើប្រាស់ឲ្យចំគោលដៅការពារសន្តិសុខសង្គមជាតិ និងក្នុងនាមកម្លាំងនគរបាលយុត្តិធម៌គឺឈរលើភាពសច្ចះធម៌យុត្តិធម៌ តែក៏មិនត្រូវឈរអោបដៃមើល នូវរាល់ទង្វើររបស់បក្ខពួកឬក៏ក្រុមជនទាំងឡាយណាដែលបង្កអសន្តិសុខឬក៏មានចេតនា ណាមួយមកបំផ្លាញសន្តិភាពនោះបានឡើយ ពីព្រោះកម្លាំងប្រដាប់អាវុធត្រូវមានឆន្ទះស្មោះត្រង់ជាមួយនឹងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតការពាររដ្ឋធមនុញ្ញការពារព្រះរាជបល្ល័ង និងអង្គព្រះមហាក្សត្រ៕AFN