Saturday, July 27, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ខឹងក្មួយខ្លាំងពេក ទាញពូថៅកាប់សម្លាប់​រួចត្រូវនគរបាលស្រុកបវេល ឃាត់ខ្លួន

ខេត្តបាត់ដំបង៖សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីវ័យ ៤៥ ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីស្ត្រីរូបនោះបានធ្វើសកម្មភាពប្រើពូថៅដៃកាប់ទៅលើក្មួយស្រីរបស់ខ្លួន ដែលកំពុងដេកលង់លក់ បណ្ដាលឱ្យស្លាប់ដោយសារតែខឹងក្មួយស្រីនិយាយទូរស័ព្ទលឺៗនិងដើរលេងយប់ជ្រៅ ។

   លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១និង៣០នាទី រំលងអាធ្រាត្រ ដែលជាករណីឃាតកម្មគិតទុកជាមុន ស្ថិតនៅចំណុចក្រុមទី០១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

   លោកអធិការបានបន្តថា ករណីនេះគឺបង្កឡើងដោយជនសង្ស័យឈ្មោះ ពៅ ដារី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះដែលជាក្មួយស្រីឈ្មោះ សេង គឹមហ៊ាង ភេទស្រី អាយុ១៦ឆ្នាំ រស់នៅក្នុងផ្ទះជាមួយគ្នា ដែលកំពុងតែដេកលក់លើគ្រែ បណ្តាលអោយត្រូវមុខ និងក្បាល ជាច្រើនពូថៅ ស្លាប់នៅនឹងកន្លែងកើតហេតុ  ដោយក្រោយពេលកើតហេតុលោកអធិការបានដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួនស្ត្រីដែលជាឃាតករយកមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។

    គួរបញ្ជាក់ដែរថាកន្លងមក ក្មេងស្រីរូបនេះគឺរស់នៅទីក្រុងភ្នំពេញ ហើយទើបតែវិលត្រឡប់មកផ្ទះវិញនៅមុនពេលចូលឆ្នាំខ្មែរ ដោយមិនទាន់បានធ្វើដំណើរទៅភ្នំពេញវិញនោះឡើយ ដោយឡែកឪពុកបានបែកបាក់គ្នាជាមួយម្ដាយ ហើយបច្ចុប្បន្នម្ដាយរបស់នាងគឺធ្វើការនៅក្នុងខេត្តបាត់ដំបងហើយនាងក៏បានរស់នៅក្នុងផ្ទះជាមួយម្ដាយមីង។

   នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដែលជាជនសង្ស័យបានសារភាពថា ខ្លួនគឺមានបំណងសម្លាប់នាង ដោយមូលហេតុខឹងនឹងនាង (ជនរងគ្រោះ) និយាយទូរស័ព្ទលឺៗ និងចេញចូលផ្ទះយប់ជ្រៅពេក ។

    បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ក្នុងការបញ្ជូនបន្តទៅកាន់តុលាការខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ឆាយ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម