ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ អនុគណក្រុងសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាបបានរៀបចំ ដង្ហែរក្បួនបុណ្យ វិសាខបូជា ដឹកនាំដោយព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ដែលត្រូវបានដង្ហែរចេញពី វត្តព្រះឥន្ទទេពក្នុងតំបន់អង្គរ ឆ្ពោះទៅកាន់ក្រុងសៀមរាប ដោយមានការចូលរួមពីពុទ្ធសាសនិកយ៉ាងអធឹម។
ពិធីបុណ្យវិសាខបូជាត្រូវបានពុទ្ធសាសនិកចាត់ទុកថាមានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា គឺប្រារព្ធឡើងដើម្បីការគោរពរំឭកនឹកដល់ ព្រឹត្តិការណ៍ធំៗបី នាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម ដែលជាថ្ងៃព្រះអង្គទ្រង់ប្រសូត ព្រះអង្គទ្រង់បានត្រាស់ដឹង និងព្រះអង្គទ្រង់បរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
នៅថ្ងៃពុធ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃទី២២ ឧសភាឆ្នាំ២០២៤នេះ គឺជាទិវាមួយដែលពុទ្ធសាសនិកជន នៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងសកលលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយនេះ គឺ«ពិសាខបូជា»។នៅតាមប្រតិទិនដែលគួរឱ្យកត់សម្គាល់មួយទៀតគឺអង្គការសហប្រជាជាតិក៏បានប្រកាសនៅថ្ងៃទី១៥ខែធ្នូឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជា ជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធ ធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើពិភពលោក។
អ្នកសិក្សាជំនាញព្រះពុទ្ធសាសនាបានបង្ហាញថាចំណុចសំខាន់នៃបុណ្យវិសាខបូជាថាជាទិវាប្រវត្តិសាស្ត្រមួយរបស់ព្រះពុទ្ធសាសនាដែលមានអាយុកាលជា២៥៦៧ឆ្នាំមកហើយដោយផ្សារភ្ជាប់ទៅនឹងប្រភពដើមនៃពុទ្ធសករាជដែលប្រទេសកាន់ពុទ្ធសាសនា គេបាននិយមប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ៕ដោយ៖AFN