Monday, November 25, 2024
Header Banner

កម្មករអូសរទេះ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ផ្ទុះការតវ៉ា រហូតក្លាយជាហិង្សាក្រោយមន្ត្រីគយ មិនអនុញ្ញាតឲ្យដឹកទំនិញគេចពន្ធចេញពីប្រទេសថៃ…

ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្មករអូសរទេះប្រុសស្រី បន្តលើកគ្នាតវ៉ាថ្មីម្ដងទៀតនារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ រហូតបង្កជាហិង្សានៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមន្ត្រីគយ រឹតបន្តឹងមិនអនុញ្ញាតឲ្យនាំទំនិញដែលត្រូវបង់ពន្ធចូលរដ្ឋ ចូលមកកម្ពុជាតាមរទេះដោយមិនបានបង់ចូលរដ្ឋត្រឹមត្រូវនោះឡើយ។

គេសង្កេតឃើញថា មានការផ្ទុះសារាយគ្នារវាងមន្ត្រីគយ កងកម្លាំងសមត្ថកិច្ច និងកម្មករអូសរទេះប្រមាណ២០ ទៅ៣០នាក់ រហូតរងរបួសកម្មករម្នាក់ ដោយសារសមត្ថកិច្ចតាមចាប់មេខ្លោងដែលនាំឲ្យកើតមានករណីនេះកើតឡើង។

ពាក់ព័ន្ធករណីនេះ កម្មករអូររទេះបានលើកឡើងថា ពួកគាត់លើកគ្នាតវ៉ានេះគឺសុំរស់ ដោយពួកគាត់អះអាងថា ពួកខ្លួនស៊ីឈ្នួលដឹកទំនិញចេញមកពីប្រទេសថៃ ក្បែព្រំដែនកម្ពុជាបន្តិចបន្តួច សូមឲ្យមន្ត្រីពាក់ព័ន្ធយោគយល់ ហើយទំនិញនោះទៀតសោធមានដូចជា ខោអាវជជុះ ស្បែកជើង គ្រឿងជ័រ ល្បែងក្មេងលេង និងចំណីអាហារជាដើម ។

ក្រុមអ្នកតវ៉ាបានអះអាងទៀតថា ពួកខ្លួនមិនបានដឹកជញ្ជូនទំនិញគេចពន្ធ និងម៉ៅពីទូកុងតឺន័ររបស់ថៃដឹកជញ្ជូនចេញមកកម្ពុជាដូចសត្វកណ្ដៀរដូចការចោទប្រកាន់របស់មន្ត្រីគយ នោះឡើយ គ្រាន់តែដឹកបន្តិចបន្តួចសុំតែម៉ារស់តែប៉ុណ្ណោះ។

មន្ត្រីជាន់គយ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងដែរថា កម្មករស៊ីឈ្នួលដឹកទំនិញឲ្យឈ្មួញនេះ គឺពួកគាត់ម៉ៅពីទូកុងតឺន័រដឹកជញ្ជូនតាមរទេះដូចសត្វកណ្ដៀរអញ្ចឹងក្នុងមួយថ្ងៃៗ មួយនាក់ចេញចូលមិនចេះតិចជើង ហើយទំនិញទាំងនោះសុទ្ធសឹងតែត្រូវបង់ពន្ធទាំងអស់ បើសិនជាទំនិញផ្ទាល់ខ្លួនយកទៅប្រើប្រាស់មិនជាអ្វីនោះទេ ប៉ុន្តែពួកគាត់ស៊ីឈ្នួលដឹកឱ្យក្រុមឈ្មួញជាហេតុធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ។

មន្ត្រីគយបានបញ្ជាក់ទៀតថា កន្លងមកនេះថ្នាក់ដឹកនាំក៏បានដាក់ចេញនូវបទបញ្ជាមិនអនុញ្ញាតឲ្យមានការនាំចេញទំនិញតាមច្រកទ្វារអន្តរជាតិនេះបន្តទៀតដែរ ពីព្រោះវានាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិនិងអន្តរជាតិ។ ដោយសារយើងមានច្រកអន្តរជាតិស្ទឹងបត់សម្រាប់នាំទំនិញចេញចូលដោយមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញហើយដែរ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្មករអូសរទេះបានលើកគ្នាតវ៉ា ដោយយករទេះដឹកទំនិញបិទផ្លូវ រហូតមានការសម្របសម្រួលបញ្ចប់ម្ដងរួចទៅហើយ ក៏ស្រាប់តែរសៀលថ្ងៃខែខាងលើ មានការតវ៉ាសាកជាថ្មី រហូតដល់វេលាម៉ោងជិត ០៧យប់ ទៅហើយមិនទាន់ត្រឡប់ទៅផ្ទះវិញនៅឡើយ ដោយមើលឃើញពីការតវ៉ានេះមានសភាពតានតឹង ដោយក្រុមកម្មករទាំងនោះបន្តប្រមូលគ្នាមកពពាក់ពពូនគ្នាកាន់តែច្រើនឡើងៗ ទើបមានការដាក់កម្លាំងសមត្ថកិច្ចចម្រុះបន្ថែម ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់៕ដោយ៖ជាយដែន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម