ខេត្តសៀមរាប៖រថយន្តមួយគ្រឿងពណ៌ខ្មៅបើកបរដោយតៃកុងឡានអ្នកជំនួញដីធ្លីដ៏មានឥទ្ទិពលម្នាក់នៅខេត្តសៀមរាប បានបុកម៉ូតូអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់(បាក់ចង្កេះ)ហើយបានស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ឯជនបង្កបានព្យាយាមបញ្ចប់រឿងដោយសំណងជំងឺចិត្តត្រឹម២លានរៀល តែគ្រួសាររងគ្រោះមិនព្រមដោយសុំត្រឹមតែ៨លានរៀលដើម្បីចេញថ្លៃព្យាបាលនិងទុកធ្វើបុណ្យសពឪពុកតែប៉ុណ្ណោះ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី ២៨ខែឧសភាឆ្នាំ ២០២៤ ចំណុចផ្លូវលេខ១៥ក្នុងបុរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានហេតុឃើញរថយន្តបង្កបានបោះពួយលឿនជ្រុលទៅបុកម៉ូតូដែលកំពុងឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់(បាក់ចង្កេះ)ដោយគ្មានអ្នកបញ្ជូនទៅមន្ទីរពេទ្យអស់រយៈពេលជាងមួយម៉ោង ហើយបានស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ បានប្រហែលជាង២ម៉ោង ។សាក្សីបានឲ្យដឹងថា ដោយសារឃើញគ្រួសារគាត់ក្រីក្រ ទើបគ្រួសារអ្នកជំនួញដីធ្លីរូបនោះធ្វើទង្វើមិនសមរម្យ ក្អេងក្អាង ពោលគឺបុកហើយនៅឈរមើលជនរងគ្រោះដែលកំពុងដួលស្តូកស្តឹងទៀតផង។
បើតាមការឲ្យដឹងពីកូនប្រុសរបស់ជនរងគ្រោះបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ខែឧសភានេះថា ឪពុករបស់ខ្លួនមានឈ្មោះគល់ ហ៊ៅ អាយុ៦៤ឆ្នាំ មុខរបរឃ្វាលគោឲ្យមេការក្នុងបុរីសៀងណាំ និងគោរបស់គាត់ខ្លះ ហើយបច្ចុប្បន្នក្រុមគ្រួសារបានរៀបចំធ្វើពិធីបុណ្យសពឲ្យឪពុករបស់ខ្លួននៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប ទៅតាមគន្លងប្រពៃណី។បន្ទាប់ពីកើតហេតុមួយសន្ទុះធំក៏បញ្ជូនឪពុករបស់ខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។តែបន្ទាប់ពីព្យាបាលអស់ជាង២ម៉ោងឪពុករបស់ខ្លួនក៏ស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យតែម្ដង។ កូនជនរងគ្រោះបន្តទៀតថានៅថ្ងៃបន្ទាប់ គឺថ្ងៃទី២៩នេះឃើញមានភាគីជនបង្កមកសម្រួលដល់កន្លែងបុណ្យសពដែរ ដោយគ្រួសារជនបង្កហ៊ានជួយបង់សំណងជំងឺចិត្តត្រឹមតែ២លានរៀលប៉ុណ្ណោះ ទើបការសម្របសម្រួលគ្នានេះមិនអាចបញ្ចប់ទៅបានដោយសារតែគ្រួសារជនរងគ្រោះថាលុយប៉ុណ្ណឹងគ្រាន់ចូលពេទ្យអស់បាត់ទៅហើយ ចុះទម្រាំថ្លៃធ្វើបុណ្យទៀតនោះវាមិនគ្រប់ទេ ហើយពួកគាត់ស្នើសុំ៨លានរៀលដើម្បីទុកធ្វើបុណ្យសពឲ្យរួចរាល់។
ក្នុងករណីនេះដែរសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុ។ពេលនោះក្រុមគ្រួសារជនបង្កនិងគ្រួសារជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាកំពុងដោះស្រាយគ្នាជិតត្រូវហើយ ដោយសុំឲ្យសមត្ថកិច្ចកុំធ្វើរបាយការណ៍អីព្រោះនឹងសម្រួលគ្នានាពេលឆាប់ៗនេះហើយ ឃើញដូចនោះទើបសមត្ថកិច្ចត្រឡប់ទៅគោលដៅវិញ។
ចុងក្រោយគ្រួសាររងគ្រោះបានសំណូមពរទៅសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការខេត្តសៀមរាប មេត្តាជួយរកភាពយុត្តិធម៌ និងផ្តល់សំណងសមរម្យដល់គ្រួសារពួកគាត់ផង ហើយសុំកុំអាងខ្សែពេក។
ចំណែកក្រុមអ្នកច្បាប់បានឲ្យដឹងថា ករណីបុកបណ្តាលឲ្យរបួសធ្ងន់បាក់ដៃ,បាក់ជើង និងអាចឈានដល់ស្លាប់ ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ មិនគួរទុកបណ្តែតបណ្តោយឲ្យជនបង្ករួចពីសំណាញ់ច្បាប់នោះដែរ៕ដោយ៖AFN