ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៤នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើពិធីប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ជូនដល់យោធិននៃកងរាជអាវុធហត្ថចំនួន៧២រូប។
ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតី្តភាពលោកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ហើយក៏មានវត្តមានអញ្ជើញចូលរួមពីសំណាកអស់លោក លោកស្រីជាមេបញ្ជាការរង នាយសេនាធិការង ប្រធានមន្ទីរ នាយការិយាល័យរួមនិងអស់លោកមេបញ្ជាការ ដែលអញ្ជើញមកពីបណ្តាមូលដ្ឋានក្រុងស្រុកទាំង៨ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារផងដែរ។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានសម្តែងនៅមនោសញ្ចេតនាសោមនស្សរីករាយជាមួយនិងយោធិននៃកងរាជអាវុធហត្ថថិតក្រោមឱវាទរបស់លោកទាំងអស់ដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលក៏ដូចថ្នាក់ដឹកនាំក្រសួងការពារជាតិផ្តល់ការទុកចិត្តដំឡើងមុខតំណែងនិងបំពាក់ឋានន្តរសក្តិអោយ នេះជាសក្ខីភាពដ៏ឧដុង្គឧត្តមដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងគិតនិងឆ្លើយតបនូវគុណបំណាច់ដ៏ធំធេងដែលយោធិនរបស់យើងខិតខំបម្រើជាតិមាតុភូមិនិងប្រជាពលរដ្ឋកន្លងមក។
ជាមួយគ្នានោះលោកមេបញ្ជាការក៏បានផ្តាំផ្ញើ និងស្នើរសុំដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ដែលត្រូវបាន ដំឡើងមុខតំណែងក៏ដូចជាបំពាក់ឋានន្តរសក្តិក្នុងពេលនេះហើយគឺមិនត្រូវយកមុខតំណែងឬក៏ឋានន្តរសក្តិនេះទៅប្រព្រឹត្តអំពើអ្វីមួយដែលប្រាស់ចាក់ពីតួនាទី និងភារកិច្ចរបស់ខ្លួនឡើយ។
លោកមេបញ្ជាការបន្តថា ត្រូវយកមុខតំណែងដែលយើងទទួលបានពេលនេះបន្តខិតខំប្រឹងប្រែងចូលរួមរក្សាសណ្តាប់ធ្នាប់ចូលរួមទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗគោរពវិន័យឲ្យបានមុឺងម៉ាត់ស្រាវជ្រាវក្រុមជនទាំងឡាយណាដែលបង្កអសន្តិសុខដល់សង្គមជាតិមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទះរបស់រាស្ត្រ។
លោកមេបញ្ជាការបញ្ជាក់ថា ជាកាពិតណាស់កម្លាំងយោធិននៃកងរាជអាវុធហត្ថ ដើរតួយ៉ាងសំខាន់ជាសរសេរគ្រឹះដ៏រឹងមាំជាកម្លាំងចលករដ៏រស់រវើកជាមួយនិងរាជរដ្ឋាភិបាល ហើយកិច្ចការស្នូលដែលមន្ត្រីអាវុធហត្ថយើងធ្វើទទួលបានជោគជ័យកន្លងមកលោកមេបញ្ជាការថាគឺត្រូវបន្តអនុវត្តធ្វើបន្តទៀត។
សូមបញ្ជាក់ផងដែរថាយោធិននៃកងរាជអាវុធហត្ថចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលត្រូវបានប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្តិនាខណះពេលនោះមានចំនួនសរុប៧២រូប។ក្នុងនោះយោធិនដែលត្រូវដំឡើងឋានន្តរសក្តិមានចំនួន៤រូបនិងយោធិនដែលទទួលបានមុខតំណែងថ្មីមានចំនួន៤០រូបផងដែរ៕ដោយ៖AFN