ខេត្តព្រះវិហារ៖ដោយអនុវត្តតាមច្បាប់ស្ដីពីភូមិឃុំមានសុវត្ថិភាពនិងដោយមានការណែនាំជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោសួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលជំនាញនៃស្រុកជ័យសែន បានចុះបង្ក្រាបទីតាំងលួចបើកល្បែងឆ្នោតឡូតូ បានចំនួន២ទីតាំងលើ២ឃុំ គឺឃុំស្អាងនិងឃុំតស៊ូនៃស្រុកជ័យសែន ដោយពុំមានច្បាប់អនុញ្ញាត។
លោកវរសេនីយ៍ឯក រិទ្ធិ សូណា អធិការនគរបាលស្រុកជ័យសែន បានឲ្យដឹងថា ដោយអនុវត្តន៍តាមគោលនយោបាយស្តីពីភូមិឃុំមានសុវត្ថិភាព និងមានការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោសសួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលជំនាញនៃស្រុកជ័យសែន បានចុះបង្ក្រាបទីតាំងបើកល្បែងឆ្នោតឡូតូ បានចំនួន២ទីតាំងលើ២ឃុំ គឺឃុំស្អាងនិងឃុំតស៊ូ ដោយពុំមានច្បាប់អនុញ្ញាត។
សូមជម្រាបថា ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៤ដោយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកជ័យសែន បង្ក្រាបទីតាំងបើកល្បែងឆ្នោតឡូតូ បានចំនួន២ទីតាំងដែល ម្ចាស់ផ្ទះបានជួលឲ្យគេបើកល្បែងខាងលើមានឈ្មោះដូចខាងក្រោម៖១.ឈ្មោះ កែវ ឡូត ភេទ ប្រុស អាយុ ៦៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ គោក ឃុំ ស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។២.ឈ្មោះ ឈឿន ណារីម ភេទ ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។លោកបញ្ជាក់ថា នៅក្នុងស្រុកជ័យសែន ទាំងមូលគឺមិនអនុញ្ញាតឲ្យមានការលេងល្បែងស៊ីសងនោះទេ ហើយបើឃើញមានសូមនងប្អូនរាយការណ៍មកសមត្ថកិច្ច នឹងចុះបង្ក្រាបភ្លាម។ បច្ចុប្បន្នកម្លាំងជំនាញបានធ្វើកំណត់ហេតុដកហូតវត្ថុតាងបានរួមមាន ទូរទស្សន៍ចំនួន ២គ្រឿង ម៉ាស៊ីនព្រីនក្រដាសឡូតូចំនួន ២គ្រឿង តេលេទូរទស្សន៍ចំនួន ២ និងក្រដាសសម្រាប់ព្រីនចំនួន ១កេះ យកមករក្សាទុកនៅអធិការដ្ឋាន និងបានធ្វើកិច្ចសន្យាជាមួយនិងម្ចាស់លំនៅដ្ឋានអោយបញ្ឈប់ការជួលទីតាំងសម្រាប់បើកល្បែងស៊ីសងតទៅទៀត៕ដោយ៖AFN