ខេត្តសៀមរាប៖លោកគិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២៤នេះថា រដ្ឋបាលស្រុកសូទ្រនិគម បានធ្វើការបំភ្លឺជូនសាធារណៈជន និងបណ្តាញសារព័ត៌មានសង្គម មេត្តាជ្រាបថា៖ យោងតាមខ្លឹមសារនៃផេកឈ្មោះ ផល សម្បូរ ស្រឡាញ់សន្តិភាព កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ បានសរសេរថា លោក អភិបាលស្រុកសូទ្រនិគម បានចេញក្រដាស១សន្លឹកឱ្យមន្ត្រីយោធាម្នាក់ដែលមានឈ្មោះ ជា ទៅឈូសឆាយ និង បំផ្លាញព្រៃលិចទឹក នៅតំបន់ទំនប់៩៥ ចំណុចភូមិវាល ឃុំផានរុន ស្រុកសូទ្រនិគម – ខ្លឹមសារដែលសរសេរនេះ បំភ្លើសការ ពិតទាំងស្រុង និងមានចរិតមូលបង្កាច់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសូទ្រនិគម។
រដ្ឋបាលស្រុក សូមជម្រាបថា ទំនប់៩៥ បានកសាងនៅឆ្នាំ១៩៩៥ ដោយគ្របដណ្តប់លើផ្ទៃដីអាងទំហំ ២៣៤ ហ.ត ស្រោចស្រពដីស្រែប្រាំង ចំនួន ២៦០ ហ.ត ស្មើនឹង ២០៣ គ្រួសារ ស្ថិតនៅភូមិវាល ឃុំដានរុន ស្រុកសូទ្រនិគម និង ចាប់តាំងពីការកសាងរហូតមកដល់បច្ចុប្បន្ន ពុំដែលធ្វើការជួសជុលម្តងណាឡើយ និងមានសភាពខូចខាត ដោយសារកត្តា ហូរច្រោះពីទឹកភ្លៀង និងរបបទឹកទន្លេឡើងមក ធ្វើឱ្យមានរលកបោកផ្ទប់ បាក់ចោះ នាំឱ្យប្រអប់ទឹកក្នុងទំនប់គោករាក់ ពុំ មានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ។
ដូចនេះ ទើបបងប្អូនប្រជាពលរដ្ឋ ដែលមានដីស្រែនៅជុំវិញទំនប់៩៥ ចំនួន១៤០ គ្រួសារ ស្មើនឹងដីស្រែ ១៧០ ហ.ត បានដាក់ពាក្យស្នើសុំធ្វើការជួសជុលទំនប់ឡើងវិញ ដើម្បីស្តុកទឹកទុកបានគ្រប់គ្រាន់សម្រាប់ស្រោចស្រពដីស្រែប្រាំង ទន្ទឹមនឹង នោះ រដ្ឋបាលស្រុក បានចាត់តាំងក្រុមការងារចុះពិនិត្យទីតាំង និងបានចេញលិខិតអនុញ្ញាតលើសំណើរបស់បងប្អូនប្រជា ពលរដ្ឋ ឱ្យធ្វើការជួសជុល ដោយត្រូវដឹកដីពីក្នុងប្រអប់ទឹកមកចាក់បំពេញបន្ថែមពីលើខ្នងទំនប់ចាស់ ដែលមានខ្នងលើទំហំ ៤ម៉ែត្រ កំពស់ ១,៥ ម៉ែត្រ បាតក្រោម ៦ម៉ែត្រ និងប្រវែង ២០០០ ម៉ែត្រ។
នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្រុមការងារស្រុក ឃុំ និងផ្នែកជលផល បានចុះពិនិត្យទីតាំង ដែលបាន លើកឡើងក្នុងផេកឈ្មោះ ផល សម្បូរ ស្រឡាញ់សន្តិភាព ឃើញថា ការជួសជុលទំនប់៩៥នេះ មិនបង្កឱ្យមានការប៉ះពាល់ ដល់ដើមឈើអមសង្ខាងទំនប់ទេ គឺប៉ះចំណុចកែងទំនប់ប៉ែកខាងលិចឈៀងខាងត្បូង ដែលត្រូវឈូសឆាយរៀបចំផ្លូវគោយន្ត ដឹកដីឡើងទៅបំពេញខ្នងទំនប់ប៉ុណ្ណោះ និងដោយឡែកម្ចាស់គ្រឿងចក្រក៏បានធ្វើលើសពីការស្នើសុំដែរ ដោយមានប្រជាពលរដ្ឋ ដែលមានដីស្រែនៅជិតទំនប់ បានសុំឱ្យម្ចាស់គ្រឿងចក្រ ជួយចាក់ដី និងឈូសឆាយដីស្រែរបស់គាត់ឱ្យបានរាបស្មើនឹង ដីស្រែអ្នកជិតខាងក្នុងទំហំ ២៥ ម៉ែត្រ គុណ ៥០ ម៉ែត្រ។
រដ្ឋបាលស្រុកសូទ្រនិគម សូមជម្រាបជូនដល់សាធារណជន និងសូមប្រកាសបដិសេដចំពោះការចោទប្រកាន់ ដែលបានផ្សព្វផ្សាយ មានចរិតមូលបង្កាច់ និងបំភ្លើសការពិត និងសូមអំពាវនាវដល់សមត្ថកិច្ច ធ្វើការស្រាវជ្រាវស្វែងរកបុគ្គល ដែលចុះផ្សាយមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖AFN