Friday, November 1, 2024
Header Banner

រហូតមកដល់ពេលនេះ សមត្ថកិច្ច​បញ្ជូន​ក្រុម​ជនជាតិ​ចិន​២៩៧​នាក់​ទៅ​ស្នងការ​ និងសួរនាំ១០០​នាក់បន្ថែម​ទៀត

ព្រះសីហនុ ៖សមត្ថកិច្ចបានឲ្យដឹងថា​ នៅម៉ោង៨យប់​ថ្ងៃ​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ក្រុម​ជនជាតិ​ចិន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចំនួន​២៩៧​នាក់​ហើយ ក្នុងចំណោម​ជនជាតិ​ចិន​ប្រមាណ​៤០០​នាក់ ​ដែល​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជិត​១០០​នាក់​ឆ្មក់​ចូល​ឆែកឆេរ ក្នុង​ភោជនីយដ្ឋាន​ចិន​ស៊ី​ខាយ​សៀន​មិន​។

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្នុងចំណោម​ជនជាតិ​ចិន​ទាំង​២៩៧​នាក់​(​មាន​ស្រី​ខ្មែរ​ម្នាក់​) សមត្ថកិច្ច​បាន​បែងចែក​ ឬក៏​ញែក​ចេញ​ជា​២​ក្រុម ដោយ​ក្នុង​នោះ ក្រុម​ទី​១ បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន មាន​ចំនួន​១២៥​នាក់ ស្រី​៤៤​នាក់​(​មាន​ស្រី​ជនជាតិខ្មែរ​ម្នាក់​) និង​ក្រុមទី​២ បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន មាន​ចំនួន​១៧២​នាក់ ក្នុងនោះ​មាន​ស្រី​៧០​នាក់។ សរុប​ស្រី​ទាំង​២​ក្រុម​មាន​ចំនួន​១១៤​នាក់​។ប្រភពបន្តថា ពេលនេះ​ជនសង្ស័យ​ដែល​នៅ​សេសសល់​ក្រុម​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ធ្វើ​ការ​សាកសួរ និង​បន្ត​នីតិ​វិធី​។ ហើយ​មកដល់ពេលនេះ​សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់​អំពី​ចំនួន​មនុស្ស​ដែល​ឃាត់ខ្លួន​កាលពី​យប់មិញ​នៅឡើយ​ទេ​។ សូម​បញ្ជាក់​ផង​ដែរ​ថា ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៣៨១​នាក់ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចុះ​ឆែកឆេរ​នៅក្នុង​ភោជនីយដ្ឋាន​ស៊ី​ន​ខាយ​មែន មួយកន្លែង​ជា​កម្មសិទ្ធិ​ជន​ជាតិចិន។ សកម្មភាព​ឆ្មក់​ចុះ​ត្រួតពិនិត្យ​ភោជនីយដ្ឋាន​នេះ​ដែរ បាន​ធ្វើ​ឡើង​នៅ​ម៉ោង ០០​និង​៤៥ នាទី​យប់​រំលង​អធ្រា​ត្រ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅ​ក្រុម​១៧​ភូមិ​៤​សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត មាន លោក ជាវ វិ​ជ្ជៈ អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឧ​ត្ត​ម​សេនី​យ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​និង លោក​ឧត្តម​សេនី​យ៍​ត្រី កែវ សុផល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ក្នុងនោះ​ក៏​មាន​ការ​សម្របសម្រួល​ផ្នែក​ផ្លូវច្បាប់​ពី​លោក ពេញ ពិ​សិទ្ធ ព្រះរាជ​អាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ។ យោង​តាម​ប្រភព​និយាយថា ភោ​នីយដ្ឋាន​ស៊ី​ន​ខាយ​ម៉ែន ជា​កម្ម​សិទ្ធិ​របស់​ឈ្មោះ​BAO FANGZE​ជនជាតិ​ចិន។ ក្នុង​នោះ ក្រុម​សមត្ថកិច្ច​បាន​ឆែកឆេរ​និង​ចាប់​ឃាត់ខ្លួន​មនុស្ស​ជា​ដំណាក់ៗ ដោយ​នៅ​បន្ទប់​ជាន់​ទី​១​និង​ទី​២ មាន​បន្ទប់​ចំនួន​២២​បន្ទប់ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​២៤៥​នាក់​(​ប្រុស​១៥៧​នាក់ និង​ស្រី​៨៨​នាក់​)​ខ្មែរ​២​នាក់​(​ប្រុស​១​ស្រី​១)​។ រកឃើញ​អាវុធខ្លី​ចំនួន​២​ដើម 1/​ម៉ាក​(​សាស​តា​វ៉ា​)​គ្រាប់​ចំនួន​៨​គ្រាប់​,2/​ម៉ាក​(​សូ​រ៉ា​គី​)​មាន​គ្រាប់​ចំនួន​៦​គ្រាប់​។ ដោយឡែក​ក្លឹប​កំសាន្ត​បន្ទប់​ជាន់​ទី​៣​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២១​នាក់​ប្រុស​ចំនួន​៨២​នាក់ ស្រី​ចំនួន​៣៩​នាក់​។ ចំណែក​បន្ទប់​ស្នាក់នៅ​ជាន់​ទី​៤ ឃាត់ខ្លួន​មនុស្ស​ចំនួន​១៥​នាក់ ប្រុស​១០​នាក់ ​ស្រី​៥​នាក់​។​ សរុប​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣៨១​នាក់ ​និង​ដកហូត​គ្រឿងញៀន​មួយ​ចំនួនធំ​នៅ​មិនទាន់​ថ្លឹង។ ប​ច្ចុប្បន្ន​ជនជាតិ​ចិន​ទាំងនេះ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​កាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​សាកសួរ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕ដោយ៖សៀមរាបថែស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម