ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤និង០០ នាទីមានករណីភ្លើងឆេះព្រៃលិចទឹកប្រមាណជាង១០ហិចតា នៅចំណុចត្រពាំង ហីងយំ ស្ថិតនៅខាងជើងភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប លោកដឹកនាំកម្លាំងនគរបាលស្រុកប្រាសាទបាគង និងអាជ្ញាធរមូលដ្ឋានចុះជួយបាញ់ពន្លត់។នៅក្នុងហេតុការណ៍នេះ ភ្លើងឆេះព្រៃលិចទឹកអស់ប្រហែល ១០ ហិចតា ដែលនៅជិតផ្ទះប្រជាពលរដ្ឋកំពុងរស់នៅ ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ៤ គ្រឿង រថយន្ដស្នងការនគរបាល ៣ គ្រឿងប្រើប្រាស់អស់ទឹក ១រថយន្ដ រថយន្ដអធិការដ្ឋានស្រុក១គ្រឿងប្រើប្រាស់អស់ ទឹក១ រថយន្តគ្រឿងចក្រអាអិចហ្ការចំនួន ២ គ្រឿង ត្រាក់ទ័រចំនួន ១គ្រឿង។ប្រើប្រាស់កម្លាំងទាំងសមត្ថកិច្ច ប្រជាការពារ និងប្រជាពលរដ្ឋសរុប ៤៧៥ នាក់ដោយបានប្រើប្រាស់ម៉ាស៉ីនបូមទឹក និង ម៉ូទ័របូមទឹក រួមទាំងឧបករណ៍ពន្លត់ភ្លើងព្រៃ របស់ សហគមន៍នេសាទ។
រហួតដល់ម៉ោង ២២និង៣៩ នាទីយប់ភ្លើងបានរលត់ទៅវិញបាន ៨០ %។លោកបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែមិថុនា នេះភ្លើងនៅមានឆេះតិចតួច អាជ្ញាធរកំពុងរកវិធីដើម្បីពន្លត់ ព្រោះព្រៃក្រាសគ្មានផ្លូវពិបាកយករថយន្តពន្លត់អគ្គិភ័យចូល។លោកបញ្ជាក់ទៀតថា មូលហេតុដោយសារប្រជាពលរដ្ឋរកឃ្មុំមិនបានប្រយ័ត្នបណ្ដាលអោយឆេះតែម្ដង៕ដោយ៖AFN