ខេត្តសៀមរាប៖បន្ទាប់ពីមានការលើកឡើងរបស់អ្នកសារព័ត៌មាននិងបណ្ដាញសង្គមជាច្រើនបានចែករំលែកករណីលោកនាយរងប៉ុស្តិ៍ខ្នារសណ្ដាយម្នាក់ប្រើអំពើហិង្សាលើពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញលិខិត បង្គាប់ការ ផ្អាកការងារបណ្តោះអាសន្ន និងរង់ចាំមានចំណាត់ការបន្ត។
យោងតាមលិខិតបានឱ្យដឹងថា លោកអនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយសារតែល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា។
ដោយការចែកចាយបន្តគ្នា នៅលើបណ្ដាញសង្គម ពាក់ព័ន្ធឃ្លីបវីដេអូ នៃអំពើហិង្សា ដែលសមត្ថកិច្ច សាកសួរនិងវ៉ៃពលរដ្ឋទាំងយប់។ករណីនេះត្រូវគេអះអាងថា បានកើតឡើងនៅដីឡូត៍១កន្លែង ស្ថិតនៅភូមិព្រៃ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីយប់ទី១៥ ខែមិថុនា ឆ្នាំ២០២៤។
ទោះជាយ៉ាងនេះក្តីមហាជននៅទន្ទឹងរង់ចាំមើលថាតើចំណាត់ការរបស់លោកស្នងការនគរបាលខេត្តសៀមរាប និងបន្តនីតិវិធីយ៉ាងណាចំពោះមន្ត្រីនគរបាលខាងលើដែលប្រើអំពើហិង្សាលើពលរដ្ឋ។
ពាក់ព័ន្ធនឹងករណីនេះដែរសមត្ថកិច្ចស្រុកបន្ទាយស្រី បានឲ្យដឹងថាមុនពេលកើតហេតុសមត្ថកិច្ចបានចុះល្បាតក្នុងភូមិសាស្ត្រខាងលើរួចក៏ប្រទះឃើញបុរសម្នាក់នោះជិះម៉ូតូ ហើយហៅសួរនាំមិនឈប់ទើបមានការទាស់សម្ដីគ្នារហូតមានអំពើហិង្សា៕ដោយ៖សេរី