Monday, November 25, 2024
Header Banner

ផ្នែករដ្ឋបាលជលផលដំដែក សហការគ្នា បង្ក្រាបករណីរាយមងនៅកន្លែងអភិរក្សជលផលក្នុងឡូតិ៍លេខ៧ ឃាត់ខ្លួនជនសង្ស័យម្នាក់


ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យម្នាក់បានធ្វើសកម្មភាពរាយមងក្នុងដែននេសាទសហគមន៍មាត់ខ្លា ដែលជាកន្លែងអភិរក្សជលផលឡូត៍លេខ០៧ ចំណុចផ្ទោលស្រោង ត្រូវបានកម្លាំងជំនាញរដ្ឋបាលជលផលនៃខេត្តសៀមរាប សហការចុះបង្ក្រាបជាក់ស្តែង។

ពាក់ព័ន្ធករណីនេះដែរ លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរនិងសហគមន៍នេសាទមាត់ខ្លា បានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនៅដែននេសាទសហគមន៍មាត់ខ្លា ដែលជាកន្លែងអភិរក្សជលផលឡូត៍លេខ០៧ ចំណុចផ្ទោលស្រោងចំនួន០១ករណី។
លោកបន្តថា ប្រតិបត្តិការនោះសមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ និងដកហូតវត្ថុតាងដូចខាងក្រោម៖ជនល្មើសឈ្មោះជួន ពិច ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។វត្ថុតាងរួមមាន៖មងអូសដៃចំនួន០១វង់ប្រវែង៤០ម៉ែត្រ សម្រុង០២ម៉ែត្រ ក្រឡា០,០២ម៉ែត្រ ត្រីចំនួន១០គីឡូក្រាម។កាណូតស្មាច់ចំនួន០១គ្រឿង ប្រវែង៤,៩ម៉ែត្រ ទទឹង០,៨ម៉ែត្រ ជម្រៅ០,៤៥ម៉ែត្រ ម៉ាកឡុងស៊ីន កំលាំង៣០សេះ។

លោកបញ្ជាក់ថា នៅរដូវបិទនេសាទនេះ គឺខាងជំនាញតែងតែចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងពីច្បាប់ទម្លាប់ ជាពិសេសនៅកន្លែងអភិរក្សជលផលឡូតិ៍នេសាទ ព្រោះជាតំបន់នេះត្រូវការអភិរក្សពូជត្រីគ្រប់ប្រភេទឲ្យបានគង់វង្សសម្រាប់ផ្គត់ផ្គង់ការហូចចុករបស់ពលរដ្ឋនាពេលខាងមុខ។

បច្ច្បប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញរដ្ឋបាលជលផលខេត្តសៀមរាប បញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖សួន វាសនា

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម