ខេត្តព្រះវិហារ៖នៅ នាព្រឹកថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២៤ រណ្តៅរុករករ៉ែមាសដោយខុសច្បាប់ ជាច្រើនកន្លែង នៅចំណុចឈើភ្លើងស្ថិតនៅភូមិភ្នំដែកឃុំរមណីស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានកម្លាំងចម្រុះដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ចុះបង្ក្រាបរុះរើលុបរណ្តៅមាសដោយខុសច្បាប់ចោល។
លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែនឹងថាមពលខេត្តព្រះវិហារ បានឲ្យដឹងថា យោងតាមបទបញ្ជារបស់ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានអោយមន្ទីរជំនាញយកចិត្តដាក់លើភារកិច្ចទទួលខុសត្រូវ ចំពោះការជីករុករករ៉ែមាសខុសច្បាប់ ដោយសារកន្លងមកមានពលរដ្ឋស្លាប់ដោយសារការជីករុករករ៉ែមាសដោយខុសច្បាប់ ខ្វះបច្ចេកទេស ខ្វះមធ្យោបាយ។លោកបន្តថា កន្លងទៅមន្ទីរជំនាញបានចុះធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ មិនអោយជីករុករករ៉ែមាស តែបងប្អូនមួយចំនួននៅតែលួចជីក នាំអោយមានគ្រោះថ្នាក់ដល់អាយុជីវិតកម្មករ។
លោកបន្តថា ការជីករុករករ៉ែមាសដោយគ្មានបច្ចេកទេសត្រឹមត្រូវនាំអោយមានហានិភយប្រឈមនិងគ្រោះថ្នាក់ដូច្នេះអាជ្ញាធរនិងមន្ទីរជំនាញតែងតែហាមមិនអោយជីក។ សមត្ថកិច្ចបញ្ជាក់ថា លទ្ឋផលនៃការចុះបង្ក្រាបរណ្តៅរ៉ែមាស ចំនួន៣ទីតាំងត្រូវបានលុបចោលមិនអោយបន្តជីកតទៅទៀតនិងរុះរើតង់ជាច្រើនកន្លែង រួមទាំងធ្វើកិច្ចសន្យាបញ្ឈប់មិនអោយលួចជីករ៉ែមាសដោយខុសច្បាប់តទៅទៀត នោះទេ៕ដោយ៖AFN