Monday, November 25, 2024
Header Banner

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនមន្ត្រីនគរបាលសង្កាត់សំបួរ២រូប និងសមាជិកក្រុមប្រឹក្សាសង្កាត់សំបួរ ម្នាក់ព្រមទាំងបក្ខពួក ករណីធ្វើអត្តសញ្ញាប័ណ្ណឲ្យជនជាតិវៀតណាម

ខេត្តសៀមរាប៖មន្ត្រីនគរបាលសង្កាត់សំបួរ២រូប និងសមាជិកក្រុមប្រឹក្សាសង្កាត់សំបួរ ម្នាក់ នៃក្រុងសៀមរាប ព្រមទាំងបក្ខពួកចំនួន៦នាក់ ត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចចោទប្រកាន់ រួចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារ ពាក់ព័ន្ធករណីធ្វើអត្តសញ្ញាណ ឲ្យជនដែលមិនមានសញ្ជាតិខ្មែរ(ជនជាតិវៀតណាម)។

យោងតាមលិខិតរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាត់ការលើ សំណុំរឿងព្រហ្មទណ្ឌលេខ៨៨០ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ទាក់ទងនិងជនជាតិវៀតណាម ១នាក់ និងជនជាតិខ្មែរ ៥នាក់ មានគ្នាសរុបចំនួន ៦នាក់ សមត្ថកិច្ចបានឃាត់ខ្លួនចំនួន ៤នាក់ និងបក្សពួក ២នាក់បានគេចខ្លួន។

ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានា ក្នុងសំណុំរឿង តំណាងអយ្យការបាន សម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យ៖១.ជនជាតិវៀតណាម១នាក់ ពីបទកាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយខុសច្បាប់ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣០ នៃច្បាប់ស្តីពីសញ្ជាតិ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។២.ជនជាតិខ្មែរ៥នាក់ (ក្នុងនោះមានមុខរបរជា មន្ត្រីនគរបាលជាតិ២នាក់ សមាជិកក្រុមប្រឹក្សា សង្កាត់១នាក់ និង២នាក់ជាប្រជាពលរដ្ឋបានគេចខ្លួន) ពីបទ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យជនដែល មិនមានសញ្ជាតិខ្មែរ និងក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅចំណុចសង្កាត់សំបូរ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៣០ នៃច្បាប់ស្តីពីសញ្ជាតិ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿង ឱ្យស៊ើបសួរលេខ ១៣៣៨ អយធ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម