ខេត្តព្រះវិហារ៖នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថចំនួន២ស្រុកនៃខេត្តព្រះវិហារ សហការគ្នាចុះបង្ក្រាប បាន២នាក់ប្ដីប្រពន្ធដែលល្បីល្បាញខាងលក់ថ្នាំញៀន នៅក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ខាងលើ ធ្វើឡើងក្រោមការដឹកនាំបញ្ជាដោយ លោកអនុសេនីយ៍ឯក ស្រី វណ្ណនី មេបញ្ជាការអាវុធហត្ថស្រុកសង្គមថ្មី សហការជាមួយកម្លាំងអាវុធហត្ថស្រុករវៀង ដោយមានការសម្របសម្រួលពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបជាក់ស្ដែងករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
សមត្ថកិច្ចបន្តថា ករណីខាងលើកម្លាំងអាវុធហត្ថ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្រី ០១នាក់ ដែលមានឈ្មោះ៖ ១. ឈ្មោះ វ៉ែន វ៉ន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២.ឈ្មោះ ទូច ម៉ៅ ភេទស្រី អាយុ ៥១ឆ្នាំ មុខរបរមេផ្ទះ។
វត្ថុតាងដកហូតបាន រួមមាន៖ ម្សៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន ១០កញ្ចប់, ទូរសព្ទដៃចំនួន ៣គ្រឿង, ស្លាកលេខម៉ូតូចំនួន ០១, កង់ម៉ូតូចំនួន ០៤គូរ, ខោអាវម៉ូតូមួយចំនួន, ប្រាក់ខ្មែរចំនួន ៤៧០,០០០រៀល និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងជំនាញអាវុធហត្ថខេត្តព្រះវិហារ កំពុងបន្ដអនុវត្តតាមនីតិវិធីច្បាប់៕AFN