ខេត្តសៀមរាប៖មន្ត្រីជំនាញបានឲ្យដឹងថា កូនឈើចំនួន២ ៥០០ដើម ដែលសុទ្ធសឹងជាកូនឈើទាលនិងគគីរ ត្រូវបានគេដាំនៅលើផ្ទៃដីចំនួន២,៥ហិកតា នៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលការប្រារព្ធពិធីដាំកូនឈើទាំងអស់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៤នេះ ដោយមានកិច្ចសហការពីសំណាក់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ។
អភិបាលរងខេត្តសៀមរាប លោក អ៊ឺង គឹមលាង បានលើកឡើងថា ពិធីដាំកូនឈើនៅថ្ងៃនេះគឺដើម្បីអបអរសាទរបុណ្យរុក្ខទិវា៩កក្កដា២០២៤ ហើយវាក៏ពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើងឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះនិងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។
លោកអភិបាលរងខេត្តបានបន្តអោយដឹងទៀតថា ការប្រារព្ធរុក្ខទិវានេះដែរ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់យើងទាំងអស់គ្នា ក្នុងការស្តារគម្របព្រៃឈើឡើងវិញឲ្យមានពណ៌បៃតង និងដើម្បីរក្សាបាននូវការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈម និងជាកង្វល់រួមដ៏ធំមួយរបស់ពិភពលោក ដោយសារតែបណ្ដាប្រទេសជឿនលឿនជាច្រើន បានបញ្ចេញឧស្ម័នពុល ឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះកម្ពុជា និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត បាននិងកំពុងរងគ្រោះយ៉ាងខ្លាំង និងបានធ្វើឲ្យកំដៅនៅលើផែនដីកើនឡើង។ លោក អ៊ឺង គឹមលាង ក៏បានធ្វើការណែនាំ និងអំពាវនាវដល់ជនរួមជាតិ ត្រូវរួមសាមគ្គីគា្ន បណ្ដុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើនិងបណ្ដុះឡើងវិញនូវ ទស្សនៈ សន្សំសំចៃក្នុងការប្រើប្រាស់ផលនិងអនុផលព្រៃឈើគ្រប់ប្រភេទ បណ្ដុះឡើងវិញនូវសា្មរតីគោរពច្បាប់ អនុវត្ដច្បាប់ ដើម្បីរួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឲ្យទៅជានីតិរដ្ឋ។
ចំពោះកូនឈើដែលបានដាំរួចហើយ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជារាស្ដ្រនៅនឹងកន្លែង មេត្ដាសកម្មចូលរួមថែរក្សាឲ្យបានម៉ត់ចត់ជាប្រចាំ ដើម្បីធ្វើឲ្យកូនឈើទាំងនោះលូតលាស់ ធំធាត់ឆាប់រហ័សនិងពុំបាត់បង់ទៅវិញ ពីព្រោះថាព្រៃឈើជាអាយុជីវិតនៃយើងគ្រប់ៗគ្នា៕ដោយ៖AFN