ខេត្តព្រះវិហារ៖ឯកឧត្តម អ៊ុក គឹមសាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រចាំឆមាសទី១ និងលើកទិសដៅផែនការសកម្មភាពសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៤ និងផ្សព្វផ្សាយសន្ទរកថារបស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាក្នុងទិវាខួបអនុស្សាវរីយ៍កំណើតគណបក្សលើកទី៧៣ឆ្នាំ។
កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ដែលមានការចូលរួមពីសំណាក់លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សខេត្ត ប្រធានយុវជនគណបក្សក្រុងស្រុកទាំង៨ និងប្រធានយុវជនគណបក្សឃុំតាមបណ្តាស្រុក ។
កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បី ធ្វើការបង្ហាញពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមនានា សំណូមពរ និងបញ្ហាសំខាន់ៗ ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការអនុវត្តការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ដែលសម្រេចបាននៅក្នុងឆមាសទី១ និងលើកទិសដៅផែនការសកម្មភាពការងារសម្រាប់អនុវត្តបន្ដ ក្នុងឆ្នាំ២០២៤។
រយ:ពេល០៦ខែ ឆ្នាំ២០២៤ ក្រុមការងារយុវជនគណបក្សខេត្ត ក្រោមការដឹកនាំដ៍ឃ្លៀសវៃ និងសកម្មភាពជាក់ស្ដែងដូចភ្លៀងរលឹមរបស់ ឯកឧត្តម អ៊ុក គឹមសាន សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រធានក្រុមការងារគណបក្សចុះជួយស្រុករវៀង និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារថ្នាក់ដឹកនាំក្រុមការយុវជនគណបក្សខេត្ត លេខាធិការដ្ឋាន ផែនចំណុះទាំងអស់ និងក្រុមការងារយុវជនគណបក្សក្រុង ស្រុក ឃុំ សង្កាត់ ក្រុមសកម្មជនគណបក្សតាមសាខា និងភូមិ បានចូលរួមសកម្មភាពសង្គម និងមនុស្សធម៍ ដោយផ្សារភ្ជាប់ជាមួយការងារចុះមូលដ្ឋាន បន្ថែមពីលើការងារស្នូល សំដៅជួយដល់ប្រជាជនជួបការលំបាក និងសមាជិកសមាជិកាយុវជនគណបក្សតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ។ ការចូលរួមកសាងសាលារៀន បង្គន់អនាម័យ ចុះជួយសមាជិកគណបក្សដែលមានជីវភាពខ្វះខាតគ្រួសារសពសមាជិកដែលទទួលមរណភាព គ្រួសារសមាជិកមានជំងឺ ការរៀបចំកសាងស្នាក់ការគណបក្សតាមឃុំក្នុងស្រុករវៀង និងជួយប្រជាជនដែលជួបការលំបាក។
បន្ទាប់ពីបទអន្ដរគមន៍របស់ប្រធានក្រុមការងារយុវជនគណបក្សក្រុងស្រុកទាំង៨ និងផែនចំណុះទាំង១៤រួចមក ឯកឧត្តម អ៊ុក គឹម សាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានថ្លែងកោតសរសើរចំពោះក្រុមការងារយុវជនគណបក្សក្រុងស្រុក និងផែនចំណុះទាំងអស់ ដែលតែងតែខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារ ការចុះពង្រឹងក្រុមការងារយុវជនគណបក្ស និងក្រុមសកម្មជនយុវជនគណបក្សនៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំដូចភ្លៀងរលឹមដោយសម្រេចបានលទ្ធផលគួរអោយកត់សម្គាល់។ ឯកឧត្តមបន្ថែមថាការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលថ្មីនេះគឺសំខាន់ណាស់ក្នុងការអនុត្តការងារអោយមានប្រសិទ្ធិភាព និងទទួលបានផ្លែផ្កា បន្តជម្រុញ និងធ្វើសកម្មភាពមនុស្សធម៌ជាប្រចាំអោយដល់គោលដៅនៅក្នុងមូលដ្ឋានដែលខ្លួនរស់នៅ និងទាន់ពេលវេលា ក្នុងស្មារតីបម្រើជាតិ និងបម្រើប្រជាជន៕ដោយ៖AFN