ខេត្តព្រះវិហារ៖អាជ្ញាធរខេត្តព្រះវិហារបានឲ្យដឹងថា ចាប់ពីរសៀលថ្ងៃទី១៤និងថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៤នេះមានភ្លៀងធ្លាក់ទៅគ្រប់ទិសទីបណ្ដាលឲ្យជន់លិច ផ្ទះសម្បែងពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ចំនួននៅក្នុងក្រុងព្រះវិហារនិងឃុំចំនួន៣នៃស្រុកឆែប ប៉ុន្តែអាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍បាន។
លោកអ៊ុំ សុភឿន អភិបាលរងស្តីទីនៃស្រុកឆែប បានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកឆែប មានប៉ះពាល់ចំនួន៣ឃុំ ហើយបច្ចុប្បន្នអាជ្ញាធរពាក់ព័ន្ធទាំងអស់កំពុងញាប់ដៃញាប់ជើងចុះត្រួតពិនិត្យ និងស្រង់ស្ថិតិពលរដ្ឋដែលរងការប៉ះទង្គិចដោយសារជំនន់ទឹកភ្លៀងនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្បើយ៉ាងណាជួយពលរដ្ឋបានទាន់ពេល។
ពាក់ព័ន្ធនិងករណីនេះ ឯកឧត្តមណុប វុធ្ធី អ្នកនាំពាក្យរដ្ឋបាលខេត្តនិងជាអភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ឲ្យដឹងថា នាប៉ុន្មានថ្ងៃនេះខេត្តព្រះវិហារទាំងមូលមានភ្លៀងធ្លាក់ជាប់ៗគ្នាបណ្ដាលល្អលិចផ្លូវនិងផ្ទះសម្បែងពលរដ្ឋមួយចំនួននៅក្នុងក្រុងព្រះវិហារ និងឃុំឆែប១ ,ឃុំសង្កែ១ និងឃុំសង្កែ២នៃស្រុកឆែប។ឯកឧត្តមបន្តថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្រុងព្រះវិហារ ត្រូវបានអាជ្ញាធរគ្រប់គ្រងបានហើយ ដោយនឹងបើកទ្វារទឹកទំនប់រក្សានិងជូនដំណឹងទៅអាជ្ញាធរខេត្តកំពង់ធំ ឲ្យត្រៀមការពារផងដែរ។អាជ្ញាធរនិង កម្លាំងសមត្ថកិច្ចចម្រុះកំពុងចុះជួយ ព្រមទាំងត្រៀមចាំជួយដល់ពលរដ្ឋជានិច្ច។
ឯកឧត្តមបញ្ជាក់ថា នៅក្នុងស្រុកឆែប មានការលិចលង់ចំនួន៣ឃុំឆែប១ លិចផ្ទះ អស់ចំនួន៣៤៥ខ្នង, ខូចផ្លូវចំនួន១៨៥ម៉ែត្រ ស្មើនិងផ្លូវ៤ខ្សែ លិចសាលាឃុំ១,វត្ត១, បង្គន់អស់៣៤៥, លិចអណ្ដូងចំនួន៥៥ ,ដីស្រែអស់៥៥៣ ហិចតា ។ចំពោះឃុំសង្កែ១ លិចផ្ទះអស់៥០ខ្នង, ផ្លូវ៧០ម៉ែត្រ ស្មើនិង៤ខ្សែ, បង្គន់អស់៥០ និងដីស្រែអស់១៦០ ហិចតា។ ចំពោះសង្កែ២ លិចផ្ទះអស់២៨ខ្នង, ផ្លូវ៥០ ម៉ែត្រ ស្មើនិងផ្លូវ២ខ្សែ ,លិចដីស្រែអស់២០០ហិចតា និងលិចជង្រុកស្រូវអស់ចំនួន៣។សរុបជារួមលិចលង់ផ្ទះពលរដ្ឋអស់ចំនួន៤២៣ផ្ទះ ផ្លូវ៣០៥ម៉ែត្រស្មើនិង៤ខ្សែ, សាលារៀនអស់១ខ្នង, សាលាឃុំអស់២ខ្នង, វត្តលិចអស់១, បង្គន់អស់ ៤០៩, អណ្តូងទឹក៥៥, ជង្រុកស្រូវអស់៣ និងដីស្រែខូចខាតអស់ចំនួន ៩១៣ហិចតា បញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋគឺអត់មាននោះទេ ហើយខេត្តព្រះវិហារ ទាំងមូលក៏មិនទាន់ដល់ចំណុចប្រកាសអាសន្ននៅឡើយទេ។
ឯកឧត្តមបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ លើករណីគ្រោះធម្មជាតិនេះដែលនឹងអាចកើតមានភ្លៀង ខ្យល់កន្ត្រាក់ រន្ទះ ចាប់ពីថ្ងៃទី១៥ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៤ខាងមុខនេះ៕ដោយ៖AFN