ខេត្តព្រះវិហារ៖ជម្លោះស្នេហាត្រីកោណក្រុមក្មេងទំនើងពីរក្រុមមានគ្នា៨ នាក់បានដេញកាប់គ្នាផ្អើលអ្នកភូមិរំចេកឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានកម្លាំងនគរបាលស្រុករវៀង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់បញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឲ្យដឹងថា នៅពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលស្រុករវៀង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក គង់ គា ក្រោមការបញ្ជាដឹកនាំដោយយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ សហការណ៍សើបអង្កេតករណីក្មេងទំនើងបង្កអុកឡុក្នុងភូមិរំចេក ឃុំរមនីយ ស្រុករវៀង ជាក់ស្តែងក្រុមក្មេងទំនើងចំនួន២ក្រុមស្មើនិង៨នាក់ត្រូវបានឃាត់ខ្លួននិងដកហូតវត្ថុតាងរួមមានដាវចំនួន១ កាំបិតផ្គាក់ចំនួន១ ដែកទីបជ្រុងចំនួន១ ដំបងឈើជ្រុងចំនួន២។
សមត្ថកិច្ចបន្តថា ក្រុមក្មេងទំនើងបានធ្វើសកម្មភាពដេញកាប់និងវាយគ្នាកាលពីថ្ងៃទី១៥នឹង១៧ខែកក្កដាឆ្នាំ២០២៤លើដងផ្លូងជាតិលេខ៦២និងនៅភូមិរំចេក ដោយមូលហេតុភ្លើងគំនុំរឿងរ៉ាវស្នេហាត្រីកោណ។បន្ទាប់ពីដេញកាប់គ្នាហើយត្រូវបានអ្នកភូមិឃាត់មិនឲ្យឈ្លោះគ្នា រួចពួកគេនាំគ្នារត់គេចខ្លួន ពេលត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបានមកវិញ។
ក្រោយពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៨នាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់និងវាយគ្នាទៅវិញទៅមកពិតប្រាកដមែនដោយភ្លើងគំនុំរឿងរ៉ាវស្នេហាត្រីកោណ។ បច្ចុប្បន្នក្រុមក្មេងទាំងនេះត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖AFN